(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ ចាត់ទុកថា ការបណ្ដុះបណ្ដាលបំប៉នជំនាញដល់ភ្នាក់ងារសន្ដិសុខឯកជន គឺជារឿងដែលចាំបាច់ ក៏ដូចជាការងារអាទិភាពមួយរបស់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដើម្បីពង្រឹងលើកកម្ពស់សមត្ថភាព និងគុណភាពរបស់ភ្នាក់ងារសន្ដិសុខឯកជន សំដៅចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម។

ការលើកឡើងបែបនេះរបស់លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៤៤ ដែលរៀបចំឡើងដោយនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដែលមានការចូលរួមពីសិក្ខាកាមសរុបជិត២០០នាក់។

លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ក៏បានអះអាងដែរថា កន្លងមកនេះអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ មានសមត្ថភាព ចំណេះដឹងវិជ្ជាជីវៈ ក្រមសីលធម៌ ដើម្បីលើកកម្ពស់ដល់វិស័យនេះឲ្យមានការរីកចម្រើនជាបន្ដបន្ទាប់ទៀត។

អគ្គស្នងការរងនគរបាលជាតិរូបនេះ ក៏បានធ្វើការណែនាំនូវការងារសំខាន់ៗមួយចំនួនដូចខាងក្រោម៖

*ទី១៖ ស្នើភ្នាក់ងារសន្តិសុខឯកជន ត្រូវមានឥរិយាបថសមរម្យក្នុងការចូលរួមធ្វើការងារ ដោយប្រកាន់យកអ្វីដែលជាការត្រឹមត្រូវក្រោយទទួលការបណ្តុះបណ្តាល គោរពឲ្យបាននូវលក្ខណៈសម្បត្តិជាភ្នាក់ងារសន្តិសុខឯកជន ត្រូវមានវិន័យ, ក្រមសីលធម៌, ប្រើប្រាស់ឯកសណ្ឋានសន្តិសុខឯកជន និងសម្ភារៈបំពាក់ឲ្យបានគ្រប់គ្រាន់។

*ទី២៖ ត្រូវបង្កើតកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរនៅមូលដ្ឋាន៖ ជាពលរដ្ឋល្អ និងមហាជនល្អ, ជាកម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច, សហការបានល្អ ឆ្លើយតបបានទាន់ពេលវេលា។ (នៅពេលខ្លួនបានឃើញ ឬសង្ស័យលើសកម្មភាពល្មើសច្បាប់ណាមួយ មិនថាស្ថិតនៅក្នុងទីតាំងខ្លួនឈរជើង ឬទីណានោះទេ ត្រូវរាយការណ៍ភ្លាម ដល់អាជ្ញាធរ មានសមត្ថកិច្ច ឬមកនាយកដ្ឋាន ផ្ទាល់តាមរយៈលេខទូរស័ព្ទ ឬដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសបានទាន់ពេលវេលា)។

*ទី៣៖ រួមគា្នចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព។

*ទី៤៖ នាយកក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងគ្រឹះស្ថាននានា (បន្តចូលរួមគាំទ្រវគ្គបណ្តុះបណ្តាល) ដោយបញ្ចូនភ្នាក់ងារសន្តិសុខឯកជនមកចូលរួមវគ្គសិក្សា

*ទី៥៖ សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សានេះទៅអនុវត្ត និងបន្តពង្រីកចំណេះដឹង ភាពឆ្លាតវៃ ភាពច្នៃប្រឌិត និងមានភាពទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា វគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនលើកទី៤៤ ប្រព្រឹត្តទៅចំនួន០២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដែលសិក្ខាកាមចំនួន១៩៣នាក់ (ស្រី៨នាក់) រួមមាន៖ នាយ-នាយរងនគរបាល នៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ចំនួន៥នាក់, ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន ចំនួន៦២ក្រុមហ៊ុន, ភ្នាក់ងារសន្តិសុខឯកជន ចំនួន៧៦ក់ (ស្រី៦នាក់) និងសហគ្រាស គ្រឹះស្ថាន ចំនួន៣០គ្រឹះស្ថាន ភ្នាក់ងារសន្តិសុខឯកជន ចំនួន១១២នាក់។

បើតាមលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី រហូតដល់បច្ចុប្បន្ននេះ ការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន បានចំនួន៤៤លើក មាននាយ-នាយរងនគរបាលជាតិ នៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សរុបចំនួន១៧៣នាក់ (ស្រី ១១នាក់) និងសិក្ខាកាមសរុបចំនួន ៧,៧៨៨នាក់ (ស្រី១៨៨នាក់)។

លោកបានអះអាងថា កិច្ចការបើកវគ្គបំប៉នជំនាញនេះ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការបង្កើនសមត្ថភាព ដើម្បីក្លាយខ្លួនជាភ្នាក់ងារសន្តិសុខឯកជនដែលមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចូលរួមចំណែកក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាពឲ្យបានល្អប្រសើរ។

ក្នុងន័យនេះ យើងសង្កេតឃើញថា ភ្នាក់ងារសន្តិសុខ ដែលបានឆ្លងវគ្គបំប៉នជំនាញនេះធ្វើឲ្យមានវិជ្ជាជីវៈច្បាស់លាស់ មានក្រមសីលធម៌ល្អ អប្បកិរិយាល្អ មានកិច្ចសហការល្អ និងចេះដឹងផ្នែកច្បាប់មួយចំនួន ធ្វើឲ្យវិស័យសន្តិសុខឯកជននេះមានការគាំពារ ប្រកបដោយគុណភាព និងនិរន្តភាព ប៉ុន្តែនៅមានភ្នាក់ងារសន្តិសុខឯកជនជាច្រើន ដែលបានធ្វើសកម្មភាពផ្ទុយទៅនឹងច្បាប់ ធ្វើឲ្យមានភាពចន្លោះប្រហោងនូវការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងមានការជាប់ពាក់ព័ន្ធទៅនឹងបទល្មើស គឺសំដៅទៅលើការចាប់បង្ខាំងមនុស្ស ឬបង្ខាំងជនល្មើសដែលបានប្រព្រឹត្តបទល្មើស ហើយរក្សាទុករយៈពេលយូរហើយមិនបានរាយការណ៍ ឬមិនសហការជាមួយសមត្ថកិច្ចនោះទេ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានសូមសំណូមពរ ដល់ភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវរាយការណ៍អំពីសភាពការណ៍ ឬបទល្មើស ដែលបានកើតឡើងនូវតាមបណ្តាគោលដៅរបស់ខ្លួន ទៅដល់សមត្ថកិច្ចមូលដ្ឋាន ឬសមត្ថកិច្ចជំនាញ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា៕