(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានដឹកនាំមន្ត្រីសាខាកាកបាទក្រហមខេត្ត ប្រធាន/អនុប្រធាន មន្ទីរ/អង្គភាពជុំវិញខេត្ត យុវជនអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាមកពីក្រុង-ស្រុកទាំង៧ ប្រមាណជាង៤០០នាក់ ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូក្រោមប្រធានបទ «សាមគ្គីភាពតាមរយៈការស្ម័ត្រចិត្ត» នៅបរិវេណសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ថិតនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។
លោក វង វ៉ាន់នី នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានឡើងអានរបាយការណ៍ ស្ដីពីលទ្ធផលសកម្មភាពអ្នកស្ម័ត្រចិត្ត និងសកម្មភាពរបស់យុវជនកាកបាទក្រហមកម្ពុជាខេត្តក្នុងឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ ព្រមទាំងធ្វើលំហាត់បង្ហាញនៃផ្នែកខ្លះៗ នៃវិជ្ជាសង្រ្គោះបឋមរបស់អ្នកស្ម័ត្រចិត្ត និងយុវជនកាកបាទក្រហម ព្រមទាំងការចែកប័ណ្ណសរសើរជូនដល់អ្នកស្ម័ត្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ដែលបានចូលរួមក្នុងការងារមនុស្សធម៌ប្រចាំឆ្នាំផងដែរ។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ការប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្តនាពេលនេះ គឺក្នុងគោលបំណងលើកទឹកចិត្ត និងសរសើរចំពោះអ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជា ដែលបានខិតខំបំពេញការងារយៈពេលកន្លងមកដោយលះបង់អស់កម្លាំងកាយចិត្ត ក្នុងការងារមនុស្សធម៌សម្រាប់ប្រជាជនគ្រប់ៗគ្នា។
លោកបានបន្តថា យុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បានធ្វើសកម្មភាពមិនឈប់ឈរឡើយ នៅក្នុងប្រតិបត្តិការមនុស្សធម៌ ជួយអ្នកងាយរងគ្រោះបំផុត និងអ្នករងគ្រោះតាមទិសស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោលនោះឡើយ» និងបន្តខិតខំសម្រេចឲ្យបានបាវចនាសកម្មភាពនៅមូលដ្ឋាន និងនៅគោលដៅសកល ។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ថា អ្នកស្ម័ត្រចិត្តកាកបាទក្រហមកម្ពុជា ជាឆ្អឹងខ្នងរបស់សហគមជាតិ ដែលជាកម្លាំងមិនអាចខ្វះបានក្នុងការផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់អ្នកងាយរងគ្រោះបំផុត បានទាន់ពេលវេលានិងនៅគ្រប់ទីកន្លែង និងបានអំពាវនាវដល់អនុសាខាពង្រឹងភាពម្ចាស់ការខ្ពស់ ដឹកនាំមន្ត្រី-បុគ្គលិក យុវជនអ្នកស្ម័គ្រចិត្ត ធ្វើសកម្មភាពអប់រំផ្សព្វផ្សាយ ឲ្យបានកាន់តែជ្រួតជ្រាបទូលំទូលាយថែមទៀតក្នុងស្មារតី ចូលរួមទទួលខុសក្នុងកិច្ចការសង្គមជាតិ។
លោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានស្នើសូមឲ្យអ្នកស្ម័គ្រចិត្តនៅតាមសហគមន៍ ក្មួយៗយុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានសិក្សា រួមកម្លាំងសាមគ្គីភាព ពង្រឹង និង ពង្រីក នូវសកម្មភាពកសាងភាពធន់ និងផ្តល់សេវាជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះឲ្យបានឆាប់រហ័សទាន់ពេលវេលា និង ដើមី្បបន្តអនុវត្តយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា ២០២២-២០៣០ ដោយបានកំណត់នូវទស្សនវិស័យ របស់ កាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌ តាមវិស័យអាទិភាពទាំង៤ លើការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ ការប្រែប្រួលអាកាសធាតុ សុខភាព និងការថែទាំសុខភាពសហគមន៍ ដោយលើកកម្ពស់គោលការណ៍គ្រឹះតម្លៃមនុស្សធម៌ និងការអភិវឌ្ឍស្ថាប័នផងដែរ៕