(សៀមរាប)៖ អាជ្ញាធរមីន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា អាជ្ញាធរមីន ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធាន បានដឹកនាំគ្រប់គ្រង សម្របសម្រួល ត្រួតពិនិត្យ រៀបចំផែនការ និងវាយតម្លៃសកម្មភាពមីន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងមានគោលដៅរួមដើម្បីសម្រេចបាននូវកម្ពុជាមួយគ្មានមីនឆ្នាំ២០២៥ ហើយគោលដៅឆ្នាំ២០២៥ គឺជាគោលដៅដែលមន្រ្តីគ្រប់ជាន់ថ្នាក់របស់អាជ្ញាធរមីន និងសហគមន៍សកម្មភាពមីនទាំងមូល មានការប្តេជ្ញាចិត្តខ្ពស់។

ការងារបោសសម្អាតមីនមនុស្សធម៌ គឺជាបេសកកម្មដ៏មោះមុតរបស់យើងទាំងអស់គ្នា។ រយៈពេល ៣០ឆ្នាំនេះ គឺជាដំណើរដ៏វែងឆ្ងាយ នៃការបំពេញការងារយ៉ាងច្រើនអនេក ជាមួយភាពហ្មត់ចត់ ជាមួយធូលីដី ភ្លៀង កំដៅថ្ងៃ និងប្រឈមគ្រោះថ្នាក់បំផុត របស់អ្នកដោះមីន ដែលពោរពេញដោយជំនាញ និងការលះបង់កម្លាំងកាយចិត្តខ្ពស់។ ទោះបីយ៉ាងណា នេះគឺជាបេសកកម្ម និងការប្តេជ្ញាចិត្តរួមគ្នា ប្រកបដោយទឹកចិត្តសប្បុរស រវាងរាជរដ្ឋាភិបាលកម្ពុជា ប្រទេសផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ មិនត្រឹមតែផ្តល់នូវចំណេះដឹងពីបច្ចុប្បន្នភាពការងារប៉ុណ្ណោះទេ តែជាការផ្តល់ឱកាសសម្រាប់តម្រង់ទិសការងារផ្ទៃក្នុង ពិនិត្យលើចំណុចខ្វះខាត ផ្តល់មតិយោបល់ត្រង់ៗក្នុងន័យស្ថាបនា កែតម្រូវកំហុសឆ្គង ដើម្បីការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព និងគណនេយ្យភាពខ្ពស់ និងរួមសាមគ្គីគ្នា លើកកម្ពស់កិត្តិយសស្ថាប័ន ដើម្បីសម្រេចគោលបំណងធំៗ ក្នុងវិស័យសកម្មភាពមីន។

ដើម្បីពង្រឹងភាពជាអ្នកដឹកនាំ និងទទួលជោគជ័យការងារប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់សកម្មភាពមីននៅកម្ពុជា លោកទេសរដ្ឋមន្រ្តី បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក អាជ្ញាធរមីន ចំនួន ០៦ចំណុច រួមមាន ៖

* យល់ឲ្យបានច្បាស់នូវគោលដៅយុទ្ធសាស្ត្រអាទិភាព គោលនយោបាយ និងនីតិវិធីរបស់អង្គភាព
* ធានាឱ្យបាននូវគុណភាព ប្រសិទ្ធភាពការងារ ដោយចំណាយកិច្ចខិតខំប្រឹងប្រែង ពេលវេលា និងថវិកា ឲ្យចំគោលដៅ
* បង្កើនការយល់ដឹង ចំពោះបរិយាកាសជុំវិញខ្លួន និងតួនាទីភារកិច្ចរបស់ខ្លូន បុព្វសិទ្ធ និងការទទួលខុសត្រូវ
* រៀបចំគោលដៅ និងផែនការជាប្រចាំ
* ត្រូវរក្សាឲ្យបានសុខមាលភាព និងសុខដុមរមនាឲ្យបានល្អក្នុងអង្គភាព និង
* ត្រូវយកចិត្តទុកដាក់ដោះស្រាយដោយចាប់ផ្ដើមពីបញ្ហាតូចៗជាមុនសិន មុននឹងត្រៀមខ្លួនដោះស្រាយ បញ្ហាជាយុទ្ធសាស្ត្រ៕