(ស្ទឹងត្រែង)៖ អាជ្ញាធរស្រុកសេសាន ខេត្តស្ទឹងត្រែង បានសាងសង់ផ្លូវគ្រួសក្រហមប្រវែងជិត ៧គីឡូម៉ែត្របន្ថែទៀត ដើម្បីតភ្ជាប់រវាងឃុំកំភុន និងឃុំភ្លុក បង្កលក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋ សម្រាប់ពង្រីកមូលដ្ឋានរស់នៅ និងបានធ្វើឱ្យភូមិសាស្ត្រទីរួមស្រុក កាន់តែបានធំទូលាយ។

ក្នុងពិធីសម្ពោធផ្លូវគ្រួសក្រហមនៅស្រុកសេសានថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ លោក សុវណ្ណពិសេដ្ឋ អភិបាលស្រុក បានបញ្ជាក់ថា ផ្លូវគ្រួសក្រហមមួយខ្សែនេះ មានប្រវែងបណ្តោយជិត៧គីឡួម៉ែត្រ ទទឹង៧ម៉ែត្រ មានស្ពាន១ និងលូចំនួន៦ តភ្ជាប់រវាងឃុំភ្លុកនិងឃុំសំភុន ដែលត្រូវចំណាយថវិកាសាងសង់ជាង ៥២៨លានរៀល បានផ្តល់អាទិភាពដល់ប្រជាពលរដ្ឋ ដែលមានលទ្ធភាពសាងសង់ផ្ទះសម្បែងរស់នៅថ្មី និងបានពង្រីកជាទីប្រជុំស្រុក។

លោក ថង ភារម្យ មេឃុំកំភ្លុក បានសំដែងការសាទរចំពោះអាជ្ញាធរស្រុក ដែលបានរៀបចំពង្រីកភូមិសាស្រ្តបានធំទូលាយ និងបានផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ នៅតំបន់នេះ បានសាងសង់ផ្ទះថ្មីរស់នៅ ធ្វើឱ្យមានភាពសម្បូរសប្បាយ។

លោកស្រី ថន សុធាវី អាយុ៥៨ឆ្នាំ រស់នៅភូមិបានប៊ុង ឃុំភ្លុក បានគាំទ្រចំពោះការគិតគូររៀបចំឱ្យមានមូលដ្ឋានរស់នៅល្អ ហើយផ្អែកតាមសមិទ្ធផលថ្មីនេះ បានបង្កលក្ខណៈក្នុងការធ្វើដំណើរទៅមកបានងាយស្រួល ដឹកផលកសិកម្មចេញចូលបានលឿនរហ័យ កូនចៅទៅសាលារៀន បានទាន់ពេលវេលា ដោយមិនបាច់ធ្វើដំណើរតាមផ្លូវវាងមានចម្ងាយឆ្ងាយទៀតទេ៕