(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានណែនាំអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញឲ្យស្គាល់ និងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ។ លោកបានថ្លែងដូច្នេះ ក្នុងឱកាសដែលលោក និងសហការី បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។
នៅក្នុងឱកាសនោះ លោកអភិបាលស្រុក បានណែនាំដល់អាជ្ញាធរឃុំពាមបាង និងមន្ត្រីជំនាញ ជលផល បរិស្ថាន និងនគរបាលសេដ្ឋកិច្ច ត្រូវសហការ និងអនុវត្តយុទ្ធសាស្ត្រឈ្នះឈ្នះទាំងអស់គ្នា ដើម្បីជីវភាពនិងសុខទុក្ខប្រជាពលរដ្ឋឲ្យបានប្រសើឡើង។
លោកបានស្នើអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើផែនការរកបាននូវចំណុចខ្វះខាតជាចំណុចអទិភាពដើម្បីធ្វើការដោះស្រាយ និងរាយការណ៍ជូនថ្នាក់លើ ហើយសមាជិកទាំងអស់ត្រូវមានការសាមគ្គីភាព ដើម្បីធានារក្សាបាននូវភាពសុខដុមរមនា រក្សាប្រក្រតីភាពនៃជីវភាពសង្គមសេដ្ឋកិច្ចប្រជាជនជួយឧបត្ថម្ភគាំទ្រដល់ជនរងគ្រោះ និងជនងាយរងគ្រោះនៅក្នុងមូលដ្ឋាន ឲ្យកាន់តែល្អប្រសើរឡើង ថែមទៀតហើយក្រុមការងារទាំងអស់ ត្រូវខិតខំផ្សព្វផ្សាយអំពី គោលនយោបាយ របស់រាជរដ្ឋាភិបាលនិងសមទ្ធិផលថ្មីៗ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដោយមានភាពជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាហើយមន្ត្រីទាំងអស់ ត្រូវបន្តខិតខំបម្រើប្រជាពលរដ្ឋនិងខិតខំធ្វើអំពើល្អដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្តពីម្ចាស់ឆ្នោតនិងចាំបាច់ណាស់ត្រូវមានការចូលរួមមតិស្ថាបនាពីប្រជាជនមូលដ្ឋាន។
លោកបានអំពាវនាវប្រជាពលរដ្ឋគ្រប់រូប ត្រូវនាំគ្នាគោរពច្បាប់កុំនេសាទនិងប្រើឧបករណ៍នេសាទខុសច្បាប់ដើម្បីអភិរក្សថែរក្សាធនធានជលផលគ្រប់ប្រភេទ ដើម្បីឲ្យធនធានជលផលសំបូរឡើងវិញ ដែលធនធានជលផលខ្លះ កំពុងប្រឈម នឹងការផុតពូជទៅហើយ។
ក្នុងឱកាសនោះលោក សាយ គឹមឡម និងក្រុមការងារ បានផ្តល់អំណោយដល់គ្រួសារក្រីក្រចំនួនបីគ្រួសារ និងបានជូនថវិកាចំនួន ៨១០,០០០ រៀល ដល់លោក ឈិន ឈឿន និងភរិយាដែលកំពុងមានពិការភាពជាប់ខ្លួនផងដែរ៕