(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា កម្ពុជាមានសន្តិភាពពេញបរិបូរណ៍ ដូចសព្វថ្ងៃនេះ ដោយសារ តែការបូជាសាច់ស្រស់ ឈាមស្រស់របស់អតីតយុវជនកម្ពុជា។សម្តេច បន្តថា ការពលិកម្ម ប្រកបដោយស្មារតីស្នេហាជាតិរបស់ អតីតយុវជនកម្ពុជា និងប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាលនៃប្រវត្ថិសាស្រ្ត គឺជាការចូលរួមចំណែក ក្នុងកិច្ចការពារទឹកដី ការកសាងសន្តិភាព និងស្ថេរភាពរបស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ខណៈសម្តេចចូលរួមនៅក្នុង ពិធីរំលឹកខួបទិវាអតីតយុទ្ធជនកម្ពុជា លើកទី៩ នាសាលមហោស្រពកោះពេជ្រ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងពិធីខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា «នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ គឺជាទិវាប្រវត្ថិសាស្រ្តប្រកប ដោយមោទនាភាពបំផុត ដែលបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ប្រារព្ធខួបលើកទី៩ទិវាអតីតយុទ្ធជនកម្ពុជា ដើម្បីរំលឹក គំរូវីរៈភាព និងគុណបំណាច់ធំធេងរបស់វីរយុទ្ធជន យុទ្ធនារីនៃកងកម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋយើងនៅគ្រប់ដំណាក់កាលប្រវត្ថិសាស្រ្ត គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការការពារបូរណភាពទឹកដី ការកសាងសន្តិភាព និងស្ថេរភាពសម្រាប់កម្ពុជា សំដៅដល់ការធានាឲ្យមានការអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គមដើម្បីជាឧត្តម ប្រយោជន៍សម្រាប់ជាតិមាតុភូមិ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ប្រទេសកម្ពុជាត្រូវរងការខ្ទេចខ្ទាំ នៅក្នុងរបបប៉ុលពត ប្រជាពលរដ្ឋខ្មែររង នូវទុក្ខវេទនា ការកាប់សម្លាប់យ៉ាងឃោរឃៅ និងព្រាត់ប្រាស់យ៉ាងឈឺចាប់ខ្លោចផ្សារបំផុត។ សម្តេចតេជោ បន្តថា ទីណាមានការជិះជាន់ ត្រូវតែមានការតស៊ូ តាមរយៈចលនា តស៊ូ រណសិរ្ស២ធ្នូ បងប្អូនអ្នកតស៊ូ បានក្រោកឡើងរំដោះប្រទេសជាតិ បានទាំងស្រុងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ ក្រោយរំដោះប្រទេសបាន ត្រូវតស៊ូទប់ទល់យ៉ាងលំបាកនូវការប៉ុនប៉ង ដណ្តើមប្រទេសពីពួកខ្មែរក្រហម។
បន្ថែមពីលើនេះ សម្តេចតេជោ បានបញ្ជាក់ថា ក្នុងរយៈ៣៧ឆ្នាំកន្លងទៅនេះ សម្រេចបានសមិទ្ធផលធំជាច្រើន ក្នុងនោះ រួមមានការស្តារ និងកសាងឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តនានា ដើម្បីបម្រើដល់ការអភិវឌ្ឍប្រទេសជាតិ នឹងរក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយ ហើយបានជួយជីវភាព របស់ប្រជាពលរដ្ឋ កើនឡើងជាលំដាប់ ជាពិសេសការរក្សាបាននូវសុខសន្តិភាព ពាសពេញផ្ទៃប្រទេស៕