(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២២ គោលដៅទី៣ នៅស្រុកអង្គរធំ និងស្រុកបន្ទាយស្រី ក្រោមអធិបតីភាពលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប និងមានការចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន វិស័យឯកជន អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋទាំងពីរស្រុកចំនួន៤៦១នាក់ ស្ថិតនៅបរិវេណសាលាស្រុកអង្គរធំ ខេត្តសៀមរាប។

លោក អ៊ាន ឃុន បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋអំពីសមិទ្ធផលនានា ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈម ដែលត្រូវដោះស្រាយបន្ត នឹងទទួលសំណួរ សំណូមពររបស់ប្រជាពលរដ្ឋដែលមានបញ្ហា និងក្ដីកង្វល់ ដើម្បីធ្វើការឆ្លើយតប និងដោះស្រាយជូនម្ចាស់សំណួរ សំណូមពរ ក្នុងការបង្កើនភាពជិតស្និតរវាងប្រជាពលរដ្ឋ និងអាជ្ញាធរ ដែលជាការផ្ដល់សេវាសាធារណៈនានា ជូនពលរដ្ឋក្នុងមូលដ្ឋានកាន់តែមានភាពល្អប្រសើរឡើង។

លោក អ៊ាន ឃុន ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលមាននូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះឲ្យបានច្រើន តាមរយៈការលើកឡើងផ្ទាល់មាត់ និងការសរសេរ ដើម្បីឲ្យក្រុមការងារ ប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការស្រាយបំភ្លឺ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលាផងដែរ។

បន្ទាប់ពីការបង្ហាញស្តីពីទិដ្ឋភាពរួមនៃការអភិវឌ្ឍនៅឆ្នាំ២០២០-២០២៤ នៃផែនការ៣ឆ្នាំរំកិល លោក លី សំរិទ្ធ បានលើកឡើងថា សមិទ្ធផលនានាដែលរដ្ឋបាលខេត្តអនុវត្តបានក្នុងឆ្នាំ២០២២ ព្រមទាំងសមិទ្ធផលរបស់រដ្ឋបាលស្រុកអង្គរធំ និងស្រុកបន្ទាយស្រីផងដែរ។

សម្រាប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ក្រុមការងារបានទទួលនូវសំណួរ-សំណូមពរផ្ទាល់មាត់មួយចំនួន។ ក្នុងនោះដែរ ក៏មានការលើកឡើងនូវសំណួរផ្ទាល់មាត់ ដោយផ្តោតទៅលើបញ្ហា បរិស្ថាន ព្រៃសហគមន៍ គម្រកព្រៃឈើ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ តម្លៃកសិផល (លើសត្វជ្រូក មាន់ទាក្នុងស្រុក) តម្លៃប្រើប្រាស់អគ្គិសនី អគារសិក្សា កង្វះ គ្រូបង្រៀន និងករណីអាជីវកម្មបូមខ្សាច់ជាដើម។

ទន្ទឹមនឹងនោះដែរ ក៏មានសំណួរផ្ទាល់មាត់ ១១សំណួរ និងសំណូមពរសរសេរមាន៣៣សំណួរ។ ដោយឡែកសំណូមពរ ត្រូវបានសាមីមន្ទីរ អង្គភាពជំនាញមានការពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺជូនដល់អង្គវេទិកាទាំងមូល ឲ្យអស់កង្វល់ដែលបងប្អូនប្រជាពលរដ្ឋមានទុក្ខកង្វល់កន្លងមក ឲ្យបានកាន់តែយល់ច្បាស់ ព្រមទាំងលើកនូវវិស័យកសិកម្មក្នុងការប្រើប្រាស់ភ្លើង ត្រូវបានអនុញ្ញាត ឲ្យប្រើប្រាស់នៅពេលយប់(ចាប់ពីម៉ោង២១ដល់ម៉ោង៦ព្រឹក មានតម្លៃ៤៨០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង)។

វេទិកាសាធារណៈនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយជំរុញដល់ការអនុវត្តមុខងាររបស់អ្នកពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋាន ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។ ក្នុងនោះដែរ ការពិនិត្យ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ នឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់គុណភាពជីវិត កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមបណ្ដាក្រុង-ស្រុក នៃខេត្តសៀមរាបទាំងមូល នេះជាការបញ្ជាក់របស់លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត៕