(ស្វាយរៀង)៖ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្តស្វាយរៀងលោក ប៉េង ពោធិ៍សា និងលោក ម៉ែន អេង នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បាននាំយកអង្ករចំនួន ៧,៥០០គីឡូក្រាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ចែកជូនសមាជិក សមាជិកា គណបក្ស នៃគណៈកម្មាធិការគណបក្សក្រុងបាវិត និងគណៈកម្មាធិការគណបក្សទាំង៥សង្កាត់ ក្នុងក្រុងបាវិត ព្រមទាំងបានប្រគេនព្រះសង្ឃ៥វត្ដផងដែរ។
ក្នុងឱកាសនោះលោក ប៉េង ពោធិ៍សា បានផ្តាំផ្ញើការសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោកស្រីកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ដែលតែងតែគិតគូពីសុខទុក្ខរបស់ប្រជាជន កង្វល់ទាំងឡាយរបស់ប្រជាជន គឺជាកង្វល់របស់សម្តេចទាំងទ្វេរ និងលោកស្រី ដែលជាប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង។
លោកបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអាជ្ញាធរក្រុងបាវិតទាំងអស់ ដែលបានខិតខំបំពេញតួនាទីយ៉ាងសកម្មភាពនៅមូលដ្ឋាន បម្រើសេវាសាធារណៈជូនពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវ នាពេលកន្លងមក ជាការផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅគ្រប់ពេលវេលា។ ជាមួយគ្នានេះ លោកបានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរត្រូវបន្តសាមគ្គីភាពគ្នា ចែករំលែកបទពិសោធន៍ សហការគ្នាឲ្យបានល្អដោយកម្ដល់ផលប្រយោជន៍ពលរដ្ឋ និងមូលដ្ឋានជាធំ។
សូមបញ្ជាក់ថា អំណោយអង្កររបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគណៈកម្មាធិការគណបក្សក្រុងចំនួន ១,៥០០គីឡូក្រាម ភេសជ្ជៈ១០កេស និងថវិកាចំនួន ២០ ម៉ឺនរៀល។ គណៈកម្មាធិការគណបក្សសង្កាត់ចំនួន ៥សង្កាត់ ក្នុងនោះសង្កាត់បាទី និងប្រាសាទ ទទួលបាន អង្ករ៥០០ គីឡូក្រាម, សង្កាត់ព្រៃអង្គុញ សង្កាត់បាវិតនិងសង្កាត់ច្រកម្ទេស ទទួលបានអង្ករ ១,០០០ គីឡូក្រាម ក្នុងមួយសង្កាត់ទទួលបានភេសជ្ជៈ៤កេស និងថវិកា១០ម៉ឺនរៀល។
ព្រះសង្ឃចំនួន ៥វត្តក្នុង១វត្ដចំនួន ២០០គីឡូក្រាម និងថវិកាចំនួន ២០ ម៉ឺនរៀល អធិការនគរបាលក្រុងទទួលបានអង្ករ ៥០០ គីឡូក្រាម និងថវិកា១០ម៉ឺនរៀល កងរាជអាវុធហត្ថក្រុង និងផ្នែកសឹករងក្រុង ទទួលបានអង្ករ ២៥០គីឡូក្រាម និងថវិកា ១០ ម៉ឺនរៀល៕