(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ និងជាទីប្រឹក្សាអមក្រសួងសុខាភិបាល បានស្នើឱ្យសមាជិកសភាសាធារណរដ្ឋកូរ៉េ ជួយជំរុញគម្រោងសាងសង់អគារថ្មីកម្ពស់៥ជាន់ តម្លៃ១៦លានដុល្លារឱ្យបានលឿន ដើម្បីឱ្យមន្ទីរពេទ្យមានលទ្ធភាព បើកសេវាព្យាបាលជំងឺថ្មីៗបន្ថែមទៀត ជូនដល់កុមារ។

ការស្នើសុំនេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសគណៈប្រតិភូសភា មកពីសាធារណរដ្ឋកូរ៉េដឹកនាំដោយ លោក អ៊ី អ៊ីងយ៉ុន ប្រធានផ្នែកសម្ព័ន្ធសមាជិកសភាកូរ៉េសម្រាប់កុមារ ប្រជាជន និងបរិស្ថានបានអញ្ជើញមកចុះត្រួតពិនិត្យ ពីសមិទ្ធផលនានាដែលកូរ៉េបានផ្តល់ឱ្យកម្ពុជាពិសេស នៅមន្ទីរពេទ្យកុមារជាតិ។

នាយកមន្ទីរពេទ្យ បានថ្លែងថា តាមគម្រោងអគារថ្មីកម្ពស់៥ជាន់ មានទំហំជាង៩ពាន់ម៉ែត្រការ៉េ ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យកុមារជាតិនេះ គ្រោងនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២៣ និងបញ្ចប់នៅចុងឆ្នាំ២០២៦ខាងមុខ ដោយចំណាយថវិកាប្រមាណ១៦លានដុល្លារអាមេរិក បូកទាំងការសាងសង់អគារ ការបណ្តុះបណ្តាល បំពាក់សម្ភារបរិក្ខាពេទ្យនិងសម្ភារសម្រាប់អ្នកជំងឺ។

លោកសាស្ត្រាចារ្យបានបន្តថា នេះជាអគារមន្ឬីរទី២ហើយ ដែលរដ្ឋាភិបាលកូរ៉េជួយសាងសង់ដល់មន្ទីរពេទ្យកុមារជាតិ ខណៈអគារទី១មានកម្ពស់៣ជាន់ ដោយបានសាងសង់នៅឆ្នាំ២០០៧ មានឈ្មោះថាអគារមិត្តភាពកម្ពុជាកូរ៉េ បានដាក់ដំណើរការនៅឆ្នាំ២០២៩។ បន្ទាប់មកទៀតដោយសារតម្រូវការរបស់មន្ទីរពេទ្យមានចំនួនអ្នកជំងឺកើនឡើងជាប្រចាំ កូរ៉េបានធ្វើការជួសជុល និងពង្រីកឡើងវិញនៅឆ្នាំ២០១៣ និងដាក់ដំណើរការនៅឆ្នាំ២០១៦។

លោកសាស្ត្រាចារ្យបានបន្តទៀតថា ក្រៅពីនេះមន្ទីរពេទ្យក៏ទទួលបានការជួយពីអង្គការរបស់កូរ៉េ ទៅលើការរៀបចំការបណ្តុះបណ្តាលដល់គ្រូពេទ្យមកពីតាមបណ្តាលខេត្តផ្សេងៗ លើផ្នែកជំងឺទារកនិងជួយលើជំងឺផ្នែកស្តារលទ្ធភាពពលកម្ម។

លោកសាស្ត្រាចារ្យបានបន្ថែមថា ការជួយគាំទ្ររបស់កូរ៉េនេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការចូលរូមចំណែកលើកកម្ពស់គុណភាពសេវារបស់មន្ទីរពេទ្យកុមារជាតិឱ្យកាន់តែប្រសើរ ដោយមានការបែងចែងជំងឺឯកទេសច្បាស់លាស់ដូចជាជំងឺត្រចៀក ច្រមុះបំពង់ក ភ្នែក តម្រង់នោម ជំងឺមហារីក ឈាម សួត ក្រពះពោះវៀនដូចមនុស្សចាស់ដែរ ដែលគ្រោងបើកនៅពេលខាងមុខ ខណៈពីមុនមន្ទីរពេទ្យព្យាបាលជំងឺកុមារទូទៅ ដោយមិនមានការបែងចែកជាឯកទេសកុមារផ្សេងៗទេ។

លោកសាស្ត្រាចារ្យបានបញ្ជាក់ថា នៅពេលដែលអគារថ្មីនេះសាងសង់រួចរាល់ នឹងជួយឱ្យមន្ទីរពេទ្យអាចមានលទ្ធភាពពង្រីកឯកទេសកាន់តែទូលំទូលាយជាងមុន និងកាន់តែមានគុណភាពបន្ថែមទៀត ពិសេសក្លាយជាមជ្ឈមណ្ឌលមួយសម្រាប់បណ្តុះបណ្តាលដល់គ្រូពេទ្យផ្នែកកុមារមកពីតាមបណ្តាខេត្ត និងនិស្សិតមកពីតាមមហាវិទ្យាល័យនានា ដើម្បីឱ្យពួកគេកាន់តែមានចំណេះជំនាញខ្ពស់ ក្នុងការព្យាបាលជំងឺជូនកុមារកម្ពុជាកាន់តែមានប្រសិទ្ធភាពថែមទៀត ខណៈបច្ចុប្បន្នជាមធ្យមមានអ្នកជំងឺមកពិគ្រោះជំងឺប្រមាណពី៥០០ទៅ៦០០នាក់ និងមានអ្នកជំងឺសម្រាកពេទ្យពី៣៥០ទៅ៤០០នាក់ក្នុង១ថ្ងៃ៕