(បន្ទាយមានជ័យ​)៖​ កម្លាំងកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានបើកប្រតិបត្តការឃាត់ខ្លួនជនជាតិថៃម្នាក់​ រួមនឹងវត្ថុតាងករណី​ផលិត ឬធ្វើចរាចរណ៍ អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ កាលពីវេលាម៉ោង២ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត ដែលដឹកនាំការបង្ក្រាបនេះ បានឱ្យដឹងថា​ ជនសង្ស័យ​ឈ្មោះ អេក ណាក់ឡុង ស៊ីផាយ (ហៅខ្វាង)​ អាយុ៣៩ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលអគារJ៩ បន្ទប់លេខ ២០៤ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ។ ក្រោយចាប់កម្លាំងអាវុធហត្ថ បានដកហូតវត្ថុតាងរួមមាន​៖​

*កាំភ្លើងកែច្នៃបាញ់គ្រាប់ពិត ចំនួន០១ដើម
*គ្រាប់កាំភ្លើង (គ្រាប់ពិត) ចំនួន០១គ្រាប់
*ដែករណាដងជ័រ ពណ៌ស ខ្មៅ ប្រវែង៥៣សង់ទីម៉ែត្រ ចំនួន០១ដើម។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បានបញ្ជាក់​ថា​ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ទទួលបានព័ត៌មានពីសន្តិសុខរាយការណ៍មកថា បានប្រទះឃើញកាំភ្លើងកែច្នៃចំនួន០១ដើម គ្រាប់កាំភ្លើង០១គ្រាប់ និងដែករណាបត់ចំនួន០១ដើម ដែលជារបស់ជនសង្ស័យ នៅចំណុចផ្សារទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ។ ភ្លាមនោះកម្លាំងអាវុធហត្ថក្រុង ក៏បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងចាប់យកវត្ថុតាង នាំមកកាន់មូលដ្ឋានដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។

ក្រោយសួរចម្លើយ ជនសង្ស័យ​ជនជាតិថៃ​ បានសារ​ភាពថា​ វត្ថុតាងពិតជារបស់ខ្លួនពិតប្រាកដមែន។ ដោយផ្អែកតាមចម្លើយសារភាព​ និងវត្ថុតាង​ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ ចាត់ការបន្តតាមនីតិវិធី​។

ទាំងលោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មើស និងមេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត ​បានឱ្យដឹងថា​ ការបង្ក្រាបករណីនេះ បានធ្វើឡើងក្រោមបញ្ជា របស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញ​ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​ដើម្បីចាត់ការតាមនីតិវិធីរបស់តុលាការ៕