(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ថា ប្រទេសកម្ពុជា មានលទ្ធភាពពេញលេញដែលអាចទទួលបានហិរញ្ញប្បទានបៃតង (Green Financing) ពីមូលនិធិអាកាសធាតុបៃតង (GCF)។
ការបញ្ជាក់បែបនេះរបស់លោក សាយ សំអាល់ បានធ្វើឡើងទៅកាន់អ្នកចូលរួមកិច្ចប្រជុំផ្សព្វផ្សាយហិរញ្ញប្បទានបៃតង នៅទីស្ដីការក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយហិរញ្ញប្បទានបៃតង និងចែករំលែកអំពីនីតិវិធីទៅដល់អង្គភាព/ស្ថាប័នដទៃទៀតដូចជាគ្រឹះស្ថានហិរញ្ញវត្ថុជាដើម ក្នុងការទទួលបានជាអង្គភាពទទួលបានមូលនិធិផ្ទាល់(Accredited Entity) ពីមូលនិធិអាកាសធាតុបៃតង (GCF)។
នាឱកាសនោះលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា កម្ពុជាស្ថិតក្នុងស្ថានភាពដែលអាចទាញយកហិរញ្ញប្បទានបៃតងនេះ ពីពិភពលោក ដើម្បីមកប្រើប្រាស់បម្រើដល់ប្រយោជន៍សេដ្ឋកិច្ច សង្គមកម្ពុជា ក្នុងន័យធានាបានការអភិវឌ្ឍដែលមានការបំភាយឧស្ម័នទាប និងធន់នឹងការប្រែប្រួលអាកាសធាតុ។
លោក សាយ សំអាល់ បានបន្តថា កត្តាសំខាន់ៗដែលកម្ពុជាមានលទ្ធភាពទទួលបានហិរញ្ញប្បទានបៃតង រួមមាន៖
*ទី១៖ កម្ពុជាកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(UNFCCC)
*ទី២៖ កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិពីភាពជោគជ័យក្នុងការ លើកកម្ពស់សុខភាពប្រជាជន លើកម្ពស់ការអប់រំស្ដីពីការប្រែប្រួលអាកាសធាតុ និងជាពិសេសជាដៃគូដ៏សំខាន់គ្រប់ជ្រុងជ្រោយនៅលើឆាកអន្តរជាតិ
*ទី៣៖ កម្ពុជាបានដាក់ជូន «របាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ» ទៅលេខាធិការដ្ឋាន UNFCCC ដូចដែលលោកប្រធានាធិបតីបារាំង Emmanuel Macron បានអបអរសាទរ និងកោតសរសើរកម្ពុជា ចំពោះការប្តេជ្ញាចិត្ត ក្នុងការប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ នាពេលថ្មីៗនេះ។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កត្តាទាំងអស់នេះ អាចសម្រេចទៅបានដរាបណាប្រទេសមានសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលជាកត្តាស្នូលរបស់កម្ពុជា និងពិភពលោកទាំងមូល។ សូមបញ្ជាក់ថា អង្គភាពដំបូងគេនៅកម្ពុជាដែលបានទទួលបានមូលនិធិផ្ទាល់ (Accredited Entity) ពីមូលនិធិអាកាសធាតុបៃតងនៅកម្ពុជាគឺ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប - NCDD)។
មូលនិធិអាកាសធាតុបៃតង (GCF) ត្រូវបានអនុម័តជាយន្តការហិរញ្ញវត្ថុនៃ អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលលើកកម្ពស់ការអភិវឌ្ឍដែលមានការបំភាយឧស្ម័នទាប និងធន់នឹងការប្រែប្រួលអាកាសធាតុ៕