(ភ្នំពេញ)៖ តំណាងអង្គការសុខុមាលភាពសត្វពិភពលោក FOUR PAWS ធ្វើការនៅក្នុងប្រទេសកម្ពុជា វៀតណាម និងឥណ្ឌូនេស៊ី ប្តេជ្ញានឹងបន្តសហការជាមួយអាជ្ញាធរថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋាន ដៃគូសហការ និងអ្នកពាក់ព័ន្ធផ្សេងទៀត សម្រាប់ការបញ្ឈប់ជារៀងរហូតនៃការជួញដូរសាច់ឆ្កែ និងឆ្មា។
ការប្រកាសដូចនេះ បានលើកឡើងនោះក្នុងយុទ្ធនាការបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មា (DCMT) រៀបចំដោយអង្គការ FOUR PAWS ដែលជាអង្គការអន្តរជាតិផ្នែកសុខុមាលភាពសត្វពិភពលោក រៀបចំកិច្ចប្រជុំថ្នាក់ជាតិជាមួយភាគីពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីផលប៉ះពាល់នៃការជួញដូរសាច់ឆ្កែ និងឆ្មា ចំពោះសុខភាពសាធារណៈ សុខុមាលភាពសត្វ និងវិស័យទេសចរណ៍នៅក្នុងប្រទេស។
នៅក្នុងសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងវិទ្យាស្ថានជាតិអនាម័យ និងរោគរាតត្បាតនៃប្រទេសវៀតណាម អគ្គនាយកដ្ឋានថ្នាំបង្ការនៃក្រសួងសុខាភិបាល គណៈកម្មាធិការប្រជាជនទីក្រុងហួយអាន អនុនាយកដ្ឋានបសុព្យាបាល និងបសុព្យាបាលខេត្ត Ha Tinh គណៈប្រតិភូសហគមន៍អឺរ៉ុបប្រចាំនៅវៀតណាម បណ្តាញសាកលវិទ្យាល័យសុខភាពរបស់វៀតណាម (VOHUN) មូលនិធិសត្វអាស៊ី មូលនិធិ Soi Dog និងភាគីពាក់ព័ន្ធផ្សេងទៀត។
លើកឡើងនាឱកាសនោះវេជ្ជបណ្ឌិត Karan Kukreja ប្រធានយុទ្ធនាការនៃការបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មានៅតំបន់អាស៊ីអាគ្នេយ៍ ពីអង្គការ FOUR PAWS អន្តរជាតិ បានឱ្យដឹងថា យើងក៏កំពុងតែធ្វើយុទ្ធនាការនេះ ដើម្បីបញ្ឈប់ការជួញដូរសាច់ឆ្កែនៅកម្ពុជា ហើយយើងក៏កំពុងមើលឃើញការផ្លាស់ប្តូរនៅទីនោះផងដែរ។ ជាក់ស្ដែងអាជ្ញាធរខេត្តសៀមរាប បានហាមឃាត់ការជួញដូរសាច់ឆ្កែ តាំងពីពាក់កណ្តាលឆ្នាំ២០២២ មកម្ល៉េះ ហើយបានអនុវត្តច្បាប់ និងរឹបអូសការដឹកជញ្ជូនសាច់ឆ្កែនៅឆ្នាំ២០២១ និងការដឹកជញ្ជូនសាច់ឆ្កែដ៏ធំមួយនៅឆ្នាំ២០២២។
ដូចគ្នាទៅនឹងជនជាតិវៀតណាមដែរ ប្រជាជនកម្ពុជាក៏ចង់បានវិធានការច្បាប់ប្រឆាំងនឹងអំពើឃោរឃៅនៃការជួញដូរនេះនៅក្នុងប្រទេសរបស់ខ្លួន។ លើសពីនេះប្រជាជនកម្ពុជារាប់ម៉ឺននាក់ បានបង្ហាញការប្រឆាំងនឹងការជួញដូរនេះ តាមរយៈការចុះហត្ថលេខាលើញត្តិគាំទ្រ ហើយក្រុមហ៊ុនទេសចរណ៍ជាច្រើនក៏បានចូលរួម ដើម្បីស្នើសុំឱ្យមានការបញ្ឈប់ការជួញដូរទាំងនេះផងដែរ។ យើងពិតជារីករាយដែលបានទទួលបានផលវិជ្ជមានជាច្រើនពីយុទ្ធនាការទាំងនេះ ប៉ុន្តែអ្វីដែលយើងត្រូវការជាចុងក្រោយ នោះគឺការហាមឃាត់ទូទាំងប្រទេសលើការជួញដូរសាច់ឆ្កែ និងឆ្មា ទាំងនៅក្នុងប្រទេសកម្ពុជា និងវៀតណាមជាបន្តទៀត។
វេជ្ជបណ្ឌិត Karan Kukreja បានបន្ថែមថា បទបង្ហាញនៃការជួញដូរសាច់ឆ្កែ និងឆ្មា បានបង្ហាញពីហានិភ័យផ្សេងៗ ដូចជាហានិភ័យជំងឺឆ្កែឆ្កួតដោយផ្ទាល់ និងដោយប្រយោល ហានិភ័យនៃជំងឺរាតត្បាតផ្សេងៗកើតចេញពីការជួញដូរទាំងនេះ ដែលវាជាកត្តាមួយដល់ការកើតឡើងនៃមេរោគថ្មីៗ។ វាដល់ពេលសម្រាប់ធ្វើសកម្មភាពប្រឆាំងនឹងការជួញដូរនេះ អង្គការ FOUR PAWS និងដៃគូរបស់ខ្លួនកំពុងតែត្រៀមខ្លួនជាស្រេច ដើម្បីជួយដល់ផលប្រយោជន៍សុខភាពសាធារណៈ និងសុខុមាលភាពសត្វ។
ជាមួយគ្នានោះដែរលោក ប៊ន ប៊ុនឈាង ទីប្រឹក្សាយុទ្ធនាការនៅតំបន់អាស៊ីអាគ្នេយ៍ ពីអង្គការ FOUR PAWS បានឱ្យដឹងថា យើងទទួលបានសារជាប្រចាំពីប្រជាជនកម្ពុជា ដែលបានស្នើសុំឱ្យមានការចាត់វិធានការប្រឆាំងនឹងការជួញដូរសាច់សត្វទាំងនេះ។ សាធារណជនបានទាក់ទងតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមដោយជូនដំណឹងអំពីសកម្មភាពការជួញដូរសាច់ឆ្កែ និងឆ្មា និងស្នើសុំឱ្យយើងធ្វើការងារនេះជាមួយរាជរដ្ឋាភិបាល ដើម្បីហាមឃាត់នូវការជួញដូរទាំងនេះជារៀងរហូត និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
យោងតាមការស្រាវជ្រាវអង្គការ FOUR PAWS ក្នុងឆ្នាំ២០២២ មានតែប្រជាពលរដ្ឋ ១២% ប៉ុណ្ណោះនៃប្រជាជនកម្ពុជា ដែលបរិភោគសាច់ឆ្កែជាទៀងទាត់ ហើយការស្រាវជ្រាវនៅឆ្នាំ២០២១ បានបង្ហាញថា ៩០% នឹងគាំទ្រការហាមឃាត់លើការជួញដូរនេះ។ សំឡេងប្រឆាំងនឹងការជួញដូរនេះកំពុងកើនឡើងជាបន្តបន្ទាប់នៅទូទាំងប្រទេសកម្ពុជា។ ការជួញដូរសាច់ឆ្កែ និងឆ្មា ផ្តល់ផលប្រយោជន៍តិចតួចណាស់ ផ្ទុយទៅវិញ វាបង្កហានិភ័យដល់សុខភាពសាធារណៈ និងវិស័យទេសចរណ៍។
ជាមួយគ្នានោះដែរលោក ប៊ន ប៊ុនឈាង ក៏បានកោតសរសើរចំពោះអាជ្ញាធរខេត្តសៀមរាប ចំពោះការសម្រេចចិត្តជាប្រវត្តិសាស្ត្រប្រឆាំងនឹងការជួញដូរនេះ និងធ្វើជាគំរូសម្រាប់ខេត្តផ្សេងទៀតក្នុងប្រទេសកម្ពុជា។ លោកក៏បានបង្ហាញការជឿជាក់ថា តាមរយៈការធ្វើរួមការងារជាមួយរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន និងសហគមន៍មូលដ្ឋាន យើងអាចបញ្ឈប់ការជួញដូរសាច់ឆ្កែនេះបាន ហើយនឹងមានសកម្មភាពជាច្រើនទៀត នឹងត្រូវបានបន្តអនុវត្ត ដើម្បីប្រឆាំងនឹងការជួញដូរនេះនៅកម្ពុជា និងវៀតណាមផងដែរ៕