(សៀមរាប)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានណែនាំមន្រ្តីបុគ្គលិកគ្រប់ជាន់ថ្នាក់របស់អាជ្ញាធរមីន និងសហគមន៍សកម្មភាពមីនទាំងអស់ បន្តប្តេជ្ញាអនុវត្តសម្រេចឲ្យបាននូវទស្សនវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ សូន្យរងគ្រោះថ្នាក់ និងសូន្យសហគមន៍គ្មានរងផលប៉ះពាល់ដោយមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ថ្លែងក្នុងឱកាសអញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់អាជ្ញាធរមីន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តសៀមរាប លោកទេសរដ្ឋមន្រ្តី បានបន្តទៀតថា សម្តេចតេជោ បានប្រគល់សមរភូមិមួយជូនដល់អាជ្ញាធរមីន ហើយត្រូវទទួលជ័យជម្នះជាដាច់ខាត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ឲ្យអស់ត្រឹមឆ្នាំ២០២៥ ជាពិសេសសម្តេចតេជោ ចង់ឃើញផ្ទៃដីនៅសល់មីនប្រមាណ ៦៧០គីឡូម៉ែត្រក្រឡា ត្រូវតែដោះស្រាយបញ្ចប់ឲ្យអស់ពីទឹកដីកម្ពុជា។
លោកទេសរដ្ឋមន្រ្តី បានណែនាំឲ្យមន្រ្តីបុគ្គលិកអាជ្ញាធរមីន សហការជាមួយគ្រប់ភាគីពាក់ព័ន្ធ បន្តយកចិត្តទុកដាក់លើការរៀបចំផែនការបោសសម្អាតមីន ឲ្យអស់ដោយចាប់ផ្តើមពីភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយ ពីស្រុកមួយទៅស្រុកមួយ និងពីខេត្តមួយទៅខេត្តមួយ។
ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរប្រកបដោយការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីន ដែលបានចូលរួមបំពេញ ការងារសម្រាប់សកម្មភាពមីននៅកម្ពុជាបានយ៉ាងល្អប្រសើរ ចេញពីបេះដូង ការតាំងចិត្ត ការលះបង់ និងមានឆន្ទះខ្ពស់ ព្រមទាំងមានការទទួលស្គាល់ពីប្រមុខថ្នាក់ដឹកនាំ និងគ្រប់ភាគីពាក់ព័ន្ធផងដែរ។ ការជោគជ័យរយៈពេល ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា គឺកើតចេញពីការចូលរួមរបស់យើងទាំងអស់គ្នា និងជាអ្នកបង្កើតប្រវត្តិសាស្រ្តនេះសម្រាប់កម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការលះបង់របស់ លោក ព្រំ សុភមង្គល ដែលចំណាយពេលវេលារបស់ខ្លួនចាប់តាំងពីការបង្កើតអាជ្ញាធរមីន និងដឹកនាំការងារប្រចាំថ្ងៃជាអគ្គលេខាធិការចាប់តាំងពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន។ ការងារចំពោះមុខ លោក លី បញ្ញារិទ្ធិ៍ នឹងបន្តដឹកនាំការងារប្រចាំថ្ងៃរបស់អាជ្ញាធរមីន និងសូមជូនពរឲ្យទទួលជោគជ័យបន្ថែមទៀត ដើម្បីភាពរីកចម្រើនសកម្មភាពមីន និងស្ថាប័ន៕