(ទីក្រុងអាល់ហ៊្សេ)៖ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បេសកជនពិសេសរបស់កម្ពុជា ប្រចាំអង្គការសហប្រតិបត្តិការឥស្លាម (OIC) និងក្នុងនាមជាបេសកជនពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបសម្ដែងការគួសម និងពិភាក្សាការងារជាមួយលោក អៃមីន ប៊ីន អាប់ឌុលរ៉ោះម៉ាន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតអាល់ហ្សេរី បន្ទាប់ពីនាយករដ្ឋមន្ត្រីទើបបានវិលត្រឡប់មកពីកិច្ចប្រជុំ នៅទីក្រុងវ៉ាស៊ីនតោន កាលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។
កិច្ចពិភាក្សាសំដៅលើកកម្ពស់ពង្រឹង ពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-អាល់ហ្សេរី។
ក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បាននាំនូវការផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងនាំនូវការអញ្ជើញលោកនាយករដ្ឋមន្ត្រីអាល់ហ្សេរី ដើម្បីមកទស្សនកិច្ចផ្លូវការនៅកម្ពុជា តាមពេលវេលាសមស្រមណាមួយ និងបាននាំយកនូវសារលិខិតរបស់សម្ដេចតេជោ ដើម្បីប្រគល់ជូនទៅលោក Abdelmadjid Tebboune ប្រធានាធិបតីអាល់ហ្សេរីផងដែរ។
នាយករដ្ឋមន្ត្រីអាល់ហ្សេរី បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានផ្ដាំផ្ញើសាកសួរសុខទុក្ខ និងអញ្ជើញលោកទៅទស្សនកិច្ចនៅកម្ពុជាដោយក្ដីសោមនស្សរីករាយ។
លោកបណ្ឌិត អូស្មាន ហាស្សាន់ បានជំរាបជូននាយករដ្ឋមន្ត្រីអាល់ហ្សេរី ពីការរំលត់សង្គ្រាមនៅកម្ពុជា ស្ថេរភាព ស្ថានភាពនយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍ រីកចម្រើនជឿនលឿន ការទទួលបានភាពជោគជ័យ នៃការទប់ស្កាត់កូវីដ១៩ ភាពសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ការផ្ដល់ឱកាស និងលទ្ធភាព ដល់សហគម៍ឥស្លាម ដោយស្មើមុខស្មើមាត់ ដូចប្រជាពលរដ្ឋទូទៅ។
ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីអាល់ហ្សេរី បានអបអរសាទរនៃជោគជ័យរបស់កម្ពុជាទាំងឡាយ និងបានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ជានាយករដ្ឋមន្ត្រី។
លោក អូស្មាន ហាស្សាន់ បានលើកឡើងថា នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក មកកាន់ប្រទេសអាល់ហ្សេរី និងត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងកក់ក្តៅ។ ហេីយនេះក៏ជាទស្សនកិច្ចផ្លូវការជាលេីកទី៣ របស់ប្រតិភូកម្ពុជា បន្ទាប់ពីព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់សម្តេចព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ កាលពីអំឡុងឆ្នាំ១៩៧៣ និងប្រតិភូកម្ពុជា អាល់ហ្សេរី ឆ្នាំ១៩៦២។
ប៉ុន្មានខែកន្លងមក អាល់ហ្សេរី ក៏បានបញ្ជូនលោក Ahmed BENYAMINA អនុរដ្ឋមន្ត្រី និងជាបេសកជនពិសេសទទួលបន្ទុកបញ្ហាសន្តិសុខអន្តរជាតិ នៃក្រសួងការបរទេស និងសហគមន៍ជាតិនៅក្រៅប្រទេស មកទស្សនកិច្ចនៅកម្ពុជា ដើម្បីផ្សាភ្ជាប់ទំនាក់ទំនង រវាងប្រទេសទាំង២។ លោកបណ្ឌិត បានបន្តថា ថ្វីបេីព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ក៏រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ចំពោះសាសនាទាំងអស់ដូចៗគ្នា។ ក្នុងនោះ សហគមន៍ឥស្លាមកម្ពុជា ក៏ទទួលបានពីរាជរដ្ឋាភិបាលកម្ពុជា នូវសមិទ្ធផល និងការអនុគ្រោះជាច្រេីន ក៏ដូចជាទទួលបាននូវសិទ្ធិសេរីភាពពេញលេញក្នុងការរស់នៅ និងសិទ្ធិប្រតិបត្តិសាសនា។
លើសពីនោះទៀតនោះ សហគមន៍ឥស្លាមកម្ពុជា ក៏មានឱកាសចូលរួមបម្រើការងារនៅស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងក្នុងជួររដ្ឋាភិបាល ចាប់ពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់មូលដ្ឋានជាច្រើនរូប។ ក្នុងឆ្នាំ២០១៥ រដ្ឋាភិបាលក៏បានផ្តល់ជូនសហគមន៍ឥស្លាមកម្ពុជានូវគ្រូក្របខ័ណ្ឌរដ្ឋ និងគ្រូជាប់កិច្ចសន្យា ចំនួន១,៦៧៨នាក់ផងដែរ ដែលទទួលបាននូវអត្ថប្រយោជន៍ដូចៗគ្នា ហើយនៅពេលថ្មីៗនេះទៀត ក៏រដ្ឋាភិបាលកម្ពុជា បានផ្ដល់ជូនដល់បងប្អូនមុស្លិមបានធ្វើជាអភិបាលរង រាជធានី-ខេត្ត១២ ចំនួន១២រូប និងជាអភិបាលរង ក្រុង ស្រុក ខណ្ឌ៥០ ចំនួន៥០រូប ថែមទៀតផងដែរ។
ជាកិច្ចឆ្លេីយតប លោកនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះសម្តេចតេជោ ដែលបាននិងកំពុងធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងដឹកនាំប្រទេសទទួលបាន សុខសន្តិភាព គ្មានអំពើហិង្សា គ្មានការរើសអើង មានការរីកចម្រើន ដែលជាគំរូល្អសម្រាប់ពិភពលោកទាំងមូល។ លោកបានបន្តថា ប្រទេសអាល់ហ្សេរី ក៏កំពុងអនុវត្តនូវគោលនយោបាយដូចគ្នានេះដែរ ដោយអាល់ហ្សេរី ក៏ធ្លាប់ញាំញីដោយអសន្តិសុខ មានវាសនាមិនខុសពីកម្ពុជាពីមុនដែរ។ ដូច្នេះប្រទេសអាល់ហ្សេរី យល់យ៉ាងច្បាស់ពីគុណតម្លៃនៃសុខសន្តិភាព។ អាល់ហ្សេរីមានអ្នកកាន់សាសនាឥស្លាម ជាង៩៩ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋជាង ៤២លាននាក់។
គួរជម្រាបថា ប្រទេសអាលហ្សេរី បានទទួលឯករាជ្យពីអាណានិគមនិយមបារាំង កាលពីឆ្នាំ១៩៦២។
លោកនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងមានភាពកាន់តែរឺងមាំល្អប្រសើរឡើងនៅពេលខាងមុខ ហេីយ លោកថា អាល់ហ្សេរី នឹងធ្វេីការគាំទ្រកម្ពុជាលេីឆាកអន្តរជាតិ ក៏ដូចជាក្នុងការស្នេីសុំចូលជាសមាជិក នៃបណ្តាអង្គការអន្តរជាតិនានា។ លោកនាយករដ្ឋមន្ត្រី បានបន្តថា អាល់ហ្សរី ក៏ធ្លាប់បានគាំទ្រកម្ពុជា ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ (UN) ឆ្នាំ២០២៨-២០៣០ និងបានគាំទ្រកម្ពុជាជាសមាជិកគណៈកម្មាធិការរៀបចំការ កសាងសន្តិភាព (OCPBC) ២០២៥-២០២៦។
កិច្ចពិភាក្សារវាង លោក អូស្មាន ហាស្សាន់ និងនាយករដ្ឋមន្ត្រីអាល់ហ្សេរី ប្រកបដោយភាពស្និតស្នាល រាក់ទាក់នីងផ្ដល់នូវបរិយាកាស សប្បាយរីករាយប្រកបដោយក្ដីសង្ឃឹម នឹងមានផ្លែផ្កា៕