មុននេះបន្តិច សាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់ការសាកសួរ លោក ណៃ វ៉ង់ដា អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក
21-06-2016 12:03
(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់ការសាកសួរ លោក ណៃ វ៉ង់ដា អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក នៅមុននេះបន្តិច នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦។ ក្រោយបញ្ចប់ការសាកសួរ លោក ណៃ វ៉ង់ដា ពុំបាននិយាយអ្វីទៅកាន់អ្នកសារព័ត៌មាននោះទេ មុនឡើងរថយន្តពន្ធនាគារ ទៅ ពន្ធនាគារព្រៃសវិញ នៅថ្ងៃដដែលនោះ។ លោក ណៃ វ៉ង់ដា ស្ថិតក្រោមការសាកសួររបស់លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភំ្នពេញ។
គួរបញ្ជាក់ថា កាលពីព្រឹកមិញនេះ ខណៈលោក ណៃ វ៉ង់ដា អនុប្រធានផ្នែកស៊ើបអង្កេត សមាគមសិទ្ធិមនុស្សអាដហុក ត្រូវបានអនុរក្សពន្ធនាគារ បញ្ជូនរូបលោកមកកាន់សាលាដំបូងរាជធានីភំ្នពេញ លោកក៏ពុំបាននិយាយអ្វីនោះទេ ជាមួយអ្នកសារព័ត៌មានដែរ។
លោក ណៃ វ៉ង់ដា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ នាំខ្លួនមកសាកសួរជុំវិញ បទល្មើសសូកប៉ាន់សាក្សី ពាក់ព័ន្ធរឿងអ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ។
ជាមួយគ្នានេះ លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមសិទ្ធិមនុស្សអាដហុក ក៏នឹងត្រូវតុលាការសាកសួរផងដែរ នៅរសៀលថ្ងៃទី២១ ខែមិថុនានេះ ក្រោមការចោទប្រកាន់ពីសូកប៉ាន់សាក្សី ដូចគ្នានឹងការចោទប្រកាន់លោក ណៃ វ៉ង់ដា ដែរ៕