(ភ្នំពេញ)៖ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ក្រោមប្រធានបទ «ធ្វើឱ្យមានសមភាព» ត្រូវបានប្រារព្ធធ្វើឡើង នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោយពីអាក់ខានមិនបានធ្វើអស់រយៈពេល៣ឆ្នាំ ដោយការរីករាលដាលនៃកូវីដ-១៩។
ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស៉ឹម គឹមសាន អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍។
លោកបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានលើកឡើងថា យោងតាមប្រភពទិន្នន័យសង្ខេប ឆ្នាំ២០២១ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងអង្គការសហប្រជាជាតិ ប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា បានឱ្យដឹងថា ចំនួនប៉ាន់ស្មានអ្នកផ្ទុកមេរោគអេដស៍សរុប នៅរាជធានីភ្នំពេញ មានចំនួនប្រមាណ ១៩.៥៣៣នាក់ ក្នុងនោះអ្នកមកទទួលសេវាប្រឆាំងមេរោគអេដស៍ មានចំនួន ២២.៣៨៦នាក់។ អត្រាប្រេវ៉ាឡង់អ្នកផ្ទុកមេរោគអេដស៍ពី១៥-៤៩ឆ្នាំ មានចំនួន០,៦ %។ ៩ខែ ដើមឆ្នាំ២០២២នេះ បានធ្វើតេស្តរកមេរោគអេដស៍ នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងអង្គការជាដៃគូរបានចំនួន ៦៤.៩២២ នាក់ HIV + ចំនួន១៣៣០នាក់ រកឃើញករណីឆ្លងថ្មីតិចជាង ១ឆ្នាំ មាន ១៨នាក់ ហើយ ៨០% នៃករណីឆ្លងថ្មីគឺជាក្រុម ប្រជាជនគន្លឹះ និង ដៃគូរបស់ពួកគេ។
លោក ស៉ឹម គឹមសាន បានថ្លែងថា ក្រោមប្រធានបទ «ធ្វើឱ្យមានសមភាព» គឺជាការអំពាវនាវ និងជំរុញឱ្យយើងទាំងអស់គ្នា ធ្វើការសម្រាប់សកម្មភាពជាក់ស្តែង ដែលចាំបាច់ ដើម្បីដោះស្រាយវិសមភាព ដោយបង្កើនភាពអាចរកបាននូវគុណភាព និងភាពសក្តិសមនៃសេវាកម្មនានា សម្រាប់ការផ្ដល់ប្រឹក្សា ការធ្វើតេស្ត ការថែទាំព្យាបាល សម្រាប់អ្នកជំងឺអេដស៍គ្រប់ៗគ្នា ដោយមិនប្រកាន់ពូជសាសន៍ ឬពណ៌សម្បុរឡើយ។
លោកបន្តថា លទ្ធផលតាមល្បាក់នៃការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ក្នុងឆ្នាំ២០២១ បានបង្ហាញថា អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ដែលដឹងពីស្ថានភាពរបស់ខ្លួនមាន៩១% ក្នុងនោះអ្នកផ្ទុកមេរោគអេដស៍ដែលដឹងពីស្ថានភាពរបស់ខ្លួន ហើយបានទទួលឱសថព្យាបាលមាន១០០% ហើយអ្នកផ្ទុកមេរោគអេដស៍ដែលបានទទួលថ្នាំព្យាបាល ហើយមានបន្ទុកមេរោគអេដស៍ឈាមទាបមាន៩៨%។ ហេតុនេះ បើប្រៀបធៀបគោលដៅ៩៥-៩៥-៩៥ ក្នុងការបិទបញ្ចប់អេដស៍នៅឆ្នាំ២០២៥ យើងនៅសល់តែគោលដៅទីមួយតែប៉ុណ្ណោះដែលមិនទាន់បានសម្រេច។
លោកស្រី កែវ សុខពិសី ក្នុងឱកាសនោះ បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី១ ធ្នូ និងអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមប្ដេជ្ញាចិត្តដ៏មោះមុតជាមួយអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីឆ្ពោះទៅលុបបំបាត់ការឆ្លងរីករាលដាលមេរោគអេដស៍ ឲ្យជោគជ័យនៅឆ្នាំ២០២៥ខាងមុខនេះ៕