(ភ្នំពេញ)៖ លើកឡើងនាឱកាសអញ្ជើញជាអធិបតីសម្ពោធមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ផ្សារដីហុយ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គិតមកដល់ពេលនេះនៅមានរថយន្តជាង ១៧ម៉ឺនគ្រឿងទៀត មិនទាន់បានយកធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) នៅឡើយទេ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «ការធ្វើកន្លែងផ្តល់សេវាឆៀកឱ្យបានច្រើនកន្លែងនេះ គឺដើម្បីឱ្យប្រជាពលរដ្ឋដែលមិនទាន់បានយកឡានទៅឆៀក បានយកមកឆៀកឱ្យបានទាន់ពេលវេលា ខណៈដែលសព្វថ្ងៃនេះនៅមានឡានជាង ១៧ម៉ឺនគ្រឿង ដែលផុតសុពលភាពឆៀកទៅហើយ គាត់មិនទាន់បានធ្វើនៅឡើយទេ ចឹងនឹងមានការត្រួតពិនិត្យផាកពិន័យ»។
ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋ ដែលមានយានយន្តដែលមិនទាន់បានឆៀកត្រឹមត្រូវ ត្រូវយករថយន្តទៅធ្វើការត្រួតពិនិត្យបច្ចេកទេសឱ្យបានទាន់ពេលវេលា ជៀសវាងរងការផាកពិន័យដោយច្បាប់។ ជាក់ស្តែងសព្វថ្ងៃនេះរថយន្តដែលហួសសុពលភាពឆៀក ក្នុងករណីដែលមន្ត្រីនគរបាលឃាត់បាននឹងធ្វើការផាកពិន័យម្តង ហើយពេលមកដល់កន្លែងឆៀក និងមានការផាកពិន័យម្តងទៀតផងដែរ។
បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ហាគ្រោះថ្នាក់ចររាចរណ៍ដែលកើតមានសព្វថ្ងៃនេះ ក៏មានបណ្តាលពីរថយន្តដែលមិនបានត្រួតពិនិត្យបច្ចេកទេសត្រឹមត្រូវនេះផងដែរ ដែលជាក់ស្តែងបណ្តាលមកពីបញ្ហា ជាន់ហ្វ្រាំងមិនស៊ី និងបញ្ហាបើកបរលើសល្បឿនកំណត់ផងដែរ។
បន្ថែមពីនេះលោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរ សម្រាប់ការត្រួតពិនិត្យបច្ចេកទេសនេះ សម្រាប់រថយន្តគ្រួសារដែលទិញថ្មី តម្រូវឱ្យធ្វើឆៀក ៤ឆ្នាំម្តង រថយន្តចាស់ ២ឆ្នាំម្តង និងរថយន្តដឹកទំនិញ ១ឆ្នាំម្តង ដោយឡែកសម្រាប់ការផាកពិន័យរថយន្តហួសសុពលភាពឆៀកវិញ សម្រាប់រថយន្តគ្រួសារ ហួសសុពលភាព ១ថ្ងៃ ពិន័យ ៥០០រៀល និងរថយន្តដឹកទំនិញ ហួសសុពលភាព ១ថ្ងៃ ពិន័យ ២០០០រៀល។
សូមបញ្ជាក់ដែរថា គិតមកដល់ពេលបច្ចុប្បន្នមានក្រុមហ៊ុនចំនួន៥ ដែលបានទទួលអាជ្ញាបណ្ណអនុញ្ញាតឱ្យធ្វើអាជីវកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត រួមមាន៖
ទី១៖ ក្រុមហ៊ុន CMVIC មានទីតាំងមណ្ឌលផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចំនួន ១៧ទីតាំង៖ នៅក្នុងរាជធានីភ្នំពេញ ៥ទីតាំង៖ ឫស្សីកែវ ចំការដូង បឹងឈ្នោះ ជ្រោយចង្វារ និងកំបូល។ នៅតាមបណ្តាខេត្ត ១២ទីតាំង៖ បន្ទាយមានជ័យ សៀមរាប ព្រះវិហារ រតនគិរី បាត់ដំបង កំពង់ធំ ក្រចេះ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ ស្វាយរៀង និងព្រះសីហនុ និងមានម៉ាស៊ីនឆៀកចល័ត ៣គ្រឿង។
ទី២៖ ក្រុមហ៊ុន HK មានទីតាំងមណ្ឌលផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចំនួន ១ទីតាំង ស្ថិតនៅក្បែរផ្សារបឹងបៃតង តាមបណ្ដោយផ្លូវឧកញ៉ា ម៉ុង រិទ្ធី និងម៉ាស៊ីនឆៀកចល័ត ១គ្រឿង។
ទី៣៖ ក្រុមហ៊ុន Auto Checks Expert មានទីតាំងស្ថិតនៅទីរួមខេត្តតាកែវ (ពុំទាន់បានបើកដំណើរការ)។
ទី៤៖ ក្រុមហ៊ុន Future Automobile Inspection (FAI) មានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៤ នៅភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទី៥៖ ក្រុមហ៊ុន So Brothers Co.,Ltd មានមណ្ឌលឆៀកចំនួន ១ទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕