(បន្ទាយមានជ័យ)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) និងជាអ្នកនាំពាក្យព្រឹទ្ធសភា តំណាងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកស្រី បានអញ្ជើញនាំយកអំណោយសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកស្រី ប្រគល់ជូនដល់ លោក ហ៊ឹល រ៉ាយ៉ា អភិបាលរង ខេត្តបន្ទាយមានជ័យ និងលោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថិតនៅមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត និងក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្ត នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។
ក្នុងឱកាសនោះ លោក ហ៊ឹល រ៉ាយ៉ា តំណាងគណៈអភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានរបស់លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មាការទី១០ព្រឹទ្ធសភា និងជាដំណាងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកស្រី គណៈប្រតិភូអមដំណើរ ដែលបានផ្ដល់កិត្តិយសនាំយកនូវអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកស្រី មកប្រគល់ជូនរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ សម្រាប់បែងចែកទៅដល់មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក ក្រុង/ស្រុក ទាំង៩ ទូទាំងខេត្តបន្ទាយមានជ័យ ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍សាធារណៈ ក្នុងការពិនិត្យព្យាបាល ជូនប្រជាពលរដ្ឋរបស់យើងស្របពេលដែលមន្ទីរពេទ្យទាំងអស់កំពុងមានតម្រូវការចាំបាច់។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចវិបុលសេនាភ្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ។
លោកបានមានប្រសាសន៍បន្តថា អំណោយរបស់សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា និងលោកស្រី ដែលនាំយកមកប្រគល់ជូនដល់ រដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្ត នាពេលនោះរួមមាន៖ ១-ថ្នាំពេទ្យចំនួន ១៤មុខ ស្មើនឹង ១៩០កេស ២-សម្លៀកបំពាក់ចំនួន ២៩កេស ៣-មួកចំនួន ០២កេស ៤-ម៉ាស់ចំនួន ០៨កេស ៥-កាបូបចំនួន ០១កេស សរុបចំនួន ២៣០ កេស ដែលគិតជាថវិកាសរុប ៣០៦,៦៥២ដុល្លារអាមេរិក (សាបស៊ិបម៉ឺន ប្រាំមួយពាន់ ហាស៊ិបពីរដុល្លារអាមេរិក)។
លោក ម៉ម ប៊ុននាង បានគូសបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លាទាំងអស់នេះ គឺជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការផ្នែកមនុស្សធម៌ រវាងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយអង្គការចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណ- រដ្ឋកូរ៉េ (Global Life Sharing) ដែលផ្តោតសំខាន់ដល់ការលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។ ជាក់ស្តែង នៅពេលជំងឺកូវីដ-១៩ បានឆ្លងខ្លាំងក្នុងសហគមន៍ Global Life Sharing បានឧបត្ថម្ភម៉ាស់ដល់ព្រឹទ្ធសភាកម្ពុជា ចំនួន ៣៣លានម៉ាស់ ដែលពេលនោះ សម្តេចប្រធានព្រឹទ្ធសភា បានផ្តល់ជូនដល់ថ្នាក់ដឹកនាំខេត្ត ដើម្បីចែកជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ឧបត្ថម្ភការសាងសង់អគារស្តារនីតិសម្បទាសម្តេចតេជោ និងបន្តឧបត្ថម្ភជាឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃជូនដល់ព្រឹទ្ធសភា ដើម្បីចែកជូនបន្តដល់អ្នកជំងឺ និងជនងាយរងគ្រោះដោយឥតគិតថ្លៃ។
សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការមនុស្សធម៌ដ៏ល្អនេះ គឺកើតចេញពីការខិតខំសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរបស់ក្រុមការងារដែលដឹកនាំដោយ លោក សុខ សំណាង ជំនួយការសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា និងលោក ជា ធីរិទ្ធ ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី ជាមួយលោក Min Byong Jang តំណាងអង្គការចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា។
បន្ទាប់មកលោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានមានសម្តែងនូវសេចក្តីមានសោមន្សរីករាយ ដែលបានអំណោយជាជាឱសថ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ របស់សម្តេចចបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ។ អំណោយដ៏ថ្លៃថ្លានេះ បានឆ្លុះបញ្ចាំងឲ្យឃើញនូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចប្រធានព្រឹទ្ធសភា ចំពោះវិស័យសុខាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ដូចជាថ្ងៃនេះ គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម ម៉ម ប៊ុននាង បាននិងកំពុងប្រគល់អំណោយដល់រដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្តនាពេលនេះ។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានគូសបញ្ជាក់ថា ចំពោះឱសថ និងសម្ភារវេជ្ជសាស្ត្រ ដែលបានប្រគល់ជូនដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តនាពេលនេះ នឹងយកទៅបែងចែកដល់មន្ទីរពេទ្យទាំង៩ ទូទាំងខេត្តបន្ទាយមានជ័យ ដើម្បីប្រើប្រាស់ជាផលប្រយោជន៍សាធារណៈ នៅក្នុងស្ថាភាពដែលកំពុងមានតម្រូវការចាំបាច់៕