(បាត់ដំបង)៖ រយៈពេល២ថ្ងៃ គឺកាលពីថ្ងៃទី១៧-១៨ ខែធ្នូឆ្នាំ២០២២ មានខ្យល់បានបោកបក់លើផ្ទៃអាងទឹកអាងកំពីងពួយ បានបង្កើតឱ្យមានរលកបោកបក់ខ្លាំងប៉ះជើងទេទំនប់មាត់ច្រាំងបណ្តាកឱ្យបាក់ស្រុតទំនប់រងការខូចខាត នៅត្រង់ចំណុចភ្លឺអាងទី២កំពីងពួយ ដែលមានប្រវែង ១គីឡូម៉ែត្រ ទទឹងប្រមាណ១ ទៅ២ម៉ែត្រ មន្ទីរជំនាញនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានសហការជាមួយអាជ្ញាធរឃុំស្នឹង ឃុំតាគ្រាម និងសហគមប្រើប្រាស់ទឹក បានយកគ្រឿងចក្រកាយដី និងប្រើកម្លាំងមនុស្សច្រកដីក្នុងការ៉ុង បិទទប់បណ្តោះអាសន្នបានវិញហើយ។

បើតាមការបញ្ជាក់របស់លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបាត់ដំបង តាមខ្សែទូរស័ព្ទ នៅព្រលប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញថា៖ «កាលពីថ្ងៃទី១៧ និង១៨ ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះ មានខ្យល់ព្យុះតូចមួយបានបក់បោកលើកផ្ទៃបឹងអាងទឹកកំពីងពួយ ជាហេតុធ្វើឱ្យកើតជារលកទឹកមកបោកបក់បះទំនប់អាងនេះ បានបាក់ស្រុតដីចុះក្រោម ចំជើងទេទំនប់បណ្តាលឱ្យខូចខាតប្រមាណ១គីឡូម៉ែត្រ និងមានទទឹងពីជាង១ម៉ែត្រទៅ២ម៉ែត្រ។

លោក ឡុង ផលគុណ បានបញ្ជាក់ថា បន្ទាប់ពីកើតហេតុខ្យល់ព្យុះបង្កជារលកទឹកបោកឱ្យបាក់ជើងទេទំនប់ខាងលើមកមន្ទីរជំនាញបានដុដៃដុតជើងយកគ្រឿងចក្រ ទៅអាងកំពីងកំពួយ ដើម្បីអន្តរាគមដោយបានសហការជាមួយអាជ្ញាធរដែនដីមានឃុំស្នឹង ឃុំតាគ្រាម និងពលរដ្ឋសហគមប្រើប្រាស់ទឹកបានយក ជួយកាយដីច្រការ៉ុង ដើម្បីដាក់បំពេញវិញត្រង់កន្លែងបាក់នោះសម្រាប់ទប់ទល់នឹងរលកទឹកជាបណ្តោះអាសន្ន។

ប្រធានមន្ទីររូបនេះ បានបន្តថា នៅថ្ងៃទី១៩ ខែធ្នូ ខ្យល់ និងរលកទឹកបានថមថយជាងថ្ងៃមុនច្រើន ហើយការយកដីច្រកការ៉ុងមកទប់នេះក៏បានធ្វើរួចរាល់ហើយដែរ។ មន្ទីរជំនាញបានចាត់មន្រ្តីឱ្យនៅប្រចាំការរងចាំមើល បើពេលឈប់មានខ្យល់មានរលកទឹកបន្តិចទៀតសិន ទើបយកគ្រឿងចក្រមកជួសជុលជើងទេទំនប់ឱ្យបានស្អាតល្អឡើងវិញតាមក្រោយ៕