(កំពង់ធំ)៖ ក្រោយពេលទឹកស្រក ប្រជាកសិករនៅស្រុកតាំងគោកចាប់ផ្តើមសស្រាក់សស្រាំធ្វើស្រូវប្រដេញទឹក បន្ទាប់ពីរងនូវការខូចខាតដោយទឹកជំនន់ ក្នុងនោះលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ព្រមទាំងអាជ្ញាធរឃុំបានចុះទៅដល់ស្រែរបស់កសិករ ដើម្បីតាមដានស្ថានភាពស្រូវរបស់ប្រជាកសិករ។
សកម្មភាពនេះធ្វើឡើងនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ លោកបានលើកឡើងថា ស្រូវពូជដែលប្រជាកសិករយកមកធ្វើស្រែនេះ គឺទទួលបានពីសម្តេចតេជោ ហ៊ុន សែន សម្រាប់យកមកស្តាឡើងវិញនូវការខូចខាតពីទឹកជំនន់នាពេលកន្លងមក។
លោក ហាក់ ម៉ុងហួត លើកឡើងថា ផ្ទៃដីប៉ះពាល់សរុប១,២៤៧ហិកតា ចំនួន១,០៧០គ្រួសារ លើ៨ឃុំ ស្មើចំនួន៤៩ភូមិ ផ្ទៃដីខូចខាតសរុប៨៦៩ហិកតា ចំនួន១,០២៩គ្រួសារ ចំនួន៨ឃុំ ចំនួន៤៩ភូមិ ក្នុងការងារស្តារឡើងវិញបានចំនួន៧៤២ហិកតា លើផ្ទៃដីខូចខាតចំនួន៧៤២ហិកតា ចំនួនគ្រួសារ៧១៥ (ដោយទទួលបានស្រូវពូជពីសម្តេចក្នុង១គ្រួសារ១០០គីឡូក្រាម សរុបរួមចំនួន៧១,៥០០គីឡូក្រាម) ដែលមានចំនួនភូមិ៣៦ចំនួន៥ឃុំ ស្មើនឹង១០០%។
លោកក៏បានក្រើនរំលឹកដល់អាជ្ញាធរឃុំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋរបស់ខ្លួន ទប់ទឹកដើម្បីប្រើប្រាស់ជៀសវាងកាយទំនប់ ឬភ្លឺស្រែ ដើម្បីចាប់ត្រីជាហេតុនាំឲ្យទឹកហូរពីស្រែខ្វះទឹកប្រើប្រាស់ព្រោះរដូវនេះទឹកភ្លៀងមិនសម្បូរទៀតទេ។
លោកបានឲ្យមានការប្រុងប្រយ័ត្នពីបញ្ហាទឹក ព្រោះយើងប្រើបានតែទឹកដែលមានក្នុងប្រឡាយរីឯប្រភពពីខាងលើ ត្រូវបានរីងអស់ដោយសារការបាក់ទំនប់ទឹក៦មករាទឹកក៏ហូរអស់ ក្នុងនាមអាជ្ញាធរស្រុកលោកបានជំរុញទៅដល់មន្ត្រីជំនាញឲ្យចុះត្រួតពិនិត្យទៅលើការបង្កបង្កើតផលរបស់កសិករជាប្រចាំ ដើម្បីឲ្យកសិករទទួលបាននូវភាពកក់ក្តៅ ក៏ដូចជាការយកចិត្តទុកដាក់ពីអាជ្ញាធរនិងជាមន្ត្រីជំនាញជាដើម៕