(ភ្នំពេញ)៖ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អំ សុខ ត្រូវជាញោមបង្កើតរបស់សម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាព នៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។ នេះបើតាមសេចក្តីថ្វាយ ប្រគេន ជូនដំណឹងរបស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ។
សពមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អំ សុខ ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា ក្នុងសាលាបុណ្យ ដែលស្ថិតនៅភូមិរកាកោង ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល រហូតដល់ថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ នឹងរៀបចំពិធីបញ្ចុះសព។
សេចក្តីថ្វាយ ប្រគេន ជូនដំណឹងនេះ សូមសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង ព្រះរាជាគណៈ ព្រះមេគណ ព្រះគ្រូអនុគណ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ព្រះមេត្តា និងមេត្តាជ្រាបជាព័ត៌មាន៕