(សៀមរាប)៖ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងលោកស្រី ទោម ចន្ថា នូ ផល្លា សមាជិកាកិត្តិយស កាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ បាននាំយកអំណោយរបស់ សម្តេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៦៩គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ទ្រាក់ រលំផ្ទះ និងរបើកដំបូលមកពី០៣ ឃុំក្នុងស្រុកពួក ខេត្តសៀមរាប ក្នុងបរិវេណវត្ត ព្រះអង្គទ្រង់ ស្រុកពួក ខេត្តសៀមរាប។
លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានឲ្យដឹងថា ស្ថានភាពរងគ្រោះដោយខ្យល់កន្ទ្រាក់នេះ បានកើតឡើង កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦កន្លងមកនេះ បានធ្វើឲ្យលំនៅឋានប្រជាពលរដ្ឋចំនួន៦៩ គ្រួសារនៅក្នុងឃុំចំនួន៣ ក្នុងស្រុកពួក ខេត្តសៀមរាប ទទួលរងគ្រោះដោយ ក្នុងនោះបណ្តាលឲ្យរលំផ្ទះចំនួន០៩ខ្នង និងរបើកដំបូលធ្ងន់៦០ខ្នងផងដែរ។
ក្នុងនោះគ្រួសាររលំផ្ទះ ទទួលបានអំណោយសង្ក័សី១០សន្លឹក ថវិកា១០០,០០០រៀល អង្ករ២៥គីឡូក្រាម និងគ្រួសារផ្ទះរបើកដំបូលធ្ងន់ ទទួលបានតង់កៅស៊ូ១ផ្ទាំង ថវិកា៣ម៉ឺនរៀល អង្ករ២៥គីឡូក្រាម ក្នុងនោះលោកបណ្ឌិត ឃឹម ប៊ុនសុង និងលោកស្រី ជាអ្នកឧបត្ថម្ភថវិកា ជូនបងប្អូនដែលរងគ្រោះដោយខ្យល់កន្រ្តាក់ផងដែរ៕