(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ បានសម្តែងនូវទឹកព្រះទ័យសោមនស្សរីករាយយ៉ាងក្រៃលែង ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសទទួលបានពានរង្វាន់ « សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃប្រទេសម៉ាឡេស៊ី។

ក្នុងព្រះរាជសារជូនសម្តេចតេជោ, សម្តេចព្រះវររាជមាតាជាតិខ្មែរ បានកោតសរសើរដ៏កក់ក្តៅបំផុត ចំពោះសម្តេចតេជោ ដែលមានគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៏ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិ រីកចម្រើនលើគ្រប់វិស័យ។

សម្តេចព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវមហាជោគជ័យថ្មីៗបន្តទៀត ក្នុងការអភិវឌ្ឍជាតិក្រោមម្លប់សន្តិភាព និងក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕