(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បានសព្វព្រះរាជឫហទ័យ ប្រោសប្រទានព្រះរាជសារអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសសម្តេចទទួលបានពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក»។
ក្នុងព្រះរាជសារព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង មានព្រះរាជបន្ទូលថា «ខ្ញុំសូមអបអរសាទរ ចំពោះដំណឹងដ៏ល្អប្រពៃខាងលើនេះ និងសូមកោតសរសើរដ៏កក់ក្តៅបំផុត ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ដែលជាប្រមុខដឹកនាំជាតិដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់បំផុត ក្នុងការកសាងសមិទ្ធផលជាតិលើគ្រប់វិស័យ ទទួលបាននូវមហាជោគជ័យដ៏វិសេសវិសាល ដើម្បីជាឧត្តមប្រយោជន៍ប្រជាជាតិមាតុភូមិ និងប្រជារាស្ត្រកម្ពុជា ព្រមទាំងបានខិតខំលុបបំបាត់ភាពក្រីក្រក្នុងសង្គមជាតិ និងបានលើកតម្កើងកិត្យានុភាពនៃប្រជាជាតិយើង ដ៏ត្រចះត្រចង់»។
ព្រះអង្គមានព្រះរាជបន្ទូលបញ្ជាក់ក្នុងព្រះរាជសារទៀតថា « សម្តេចអគ្គមហាសេនាបតីតេជោ បានដាក់ចេញនូវវិធានការសុខាភិបាលហើយយកឈ្នះលើវិបត្តិជំងឺកូវីដ១៩ រក្សាបានអាយុជីវិតប្រជាពលរដ្ឋ និងដឹកនាំប្រទេសងើបចេញពីវិបត្តិសេដ្ឋកិច្ចបណ្ដាលមកពីការរាតត្បាតជំងឺកូវីដ១៩ បានយ៉ាងឆាប់រហ័ស។ ក្នុងនាមជាប្រធានអាស៊ានប្តូរវេន សម្តេចអគ្គមហាសេនាបតីតេជោ បានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធរយៈពេល៤ថ្ងៃ ប្រកបដោយស័ក្តានុពល ទទួលបានជោគជ័យយ៉ាងធំធេង បាននាំមកនូវកេរ្តិ៍ឈ្មោះ និងកិត្តិយស ព្រមទាំងបានលើកតម្កើងកិត្យានុភាពដ៏អស្ចារ្យនៃប្រជាជាតិយើង នៅលើឆាកអន្តរជាតិ»។
ព្រះមហាក្សត្រ ទ្រង់បង្ហាញការពេញហឫទ័យណាស់ ចំពោះវឌ្ឍនភាពឥតឈប់ឈរទាំងយប់ទាំងថ្ងៃ ក្រោមការដឹកនាំប្រកបដោយទេពកោសល្យរបស់ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ព្រះករុណាជីវិតតម្កល់លើត្បូង សព្វព្រះរាជហឫទ័យ ជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុវណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕