(ភ្នំពេញ)៖ អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប ម្ចាស់បុរីពិភពថ្មី និងជាម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុពិភពថ្មី បានឧបត្ថម្ភថវិកាច្រើនជាងគេ ក្នុងការជួយសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលមានដីស្រាប់ចំនួន៣៤៥ខ្នង ដោយមានទឹកប្រាក់ចំនួន២០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ច្រើនជាងគេក្នុងចំណោម អ្នកឧកញ៉ា, ឧកញ៉ា និងលោកជំទាវជាច្រើនរូបផ្សេងទៀត ដែលភាគច្រើន១០ម៉ឺនដុល្លារ, ៨ម៉ឹនដុល្លារ និងបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា «ឧកញ៉ា ហុង ពីវ ឧបត្ថម្ភថវិកាចំនួន២០ម៉ឺនដុល្លារ, ពីដំបូងឧបត្ថម្ភតែ១០ម៉ឺនដុល្លារទេ តែពេលមកដល់ឃើញផ្ទាល់ បន្ថែម១០ម៉ឺនទៀត ថែមនៅទីនេះផ្ទាល់តែម្តង»។
ការប្រកាសឧបត្ថម្ភនេះ ធ្វើឡើងនៅក្នុងពិធីអបអរសាទរខួប ៩ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ នៅមហោស្រព កោះពេជ្រ រាជធានីភ្នំពេញ។
សូមជំរាបថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមប្រធានកាកបាទក្រហមកម្ពុជា បានប្រកាសឧបត្ថម្ភប្រាក់១០ម៉ឺនដុល្លារ សម្រាប់ជួយសាងសង់ផ្ទះ ជូនដល់អតីតយុទ្ធជន ដែលមានដីស្រាប់ ដែលបច្ចុប្បន្នកំពុងខ្វះខាតថវិកា ក្នុងការសាងសង់ផ្ទះ ចំនួនសរុបទាំងអស់៣៤៥ខ្នងទៀត។
ក្រៅពីនោះក៏មានសប្បុរសជននានា រួមមានមន្រ្តីរាជរដ្ឋាភិបាល, អ្នកឧកញ៉ា ឧកញ៉ា និងលោកជំទាវជាច្រើនរូប បានចូលរួមផ្តល់ថវិការហូតដល់ជាង ១លានដុល្លារ សម្រាប់សាងសង់ផ្ទះ ៣៤៥ខ្នង ជូនអតីតយុទ្ធជនដែលមានដីស្រាប់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ និងបានថ្លែងថា ប្រសិនបើគ្មានការតស៊ូ និងពលីរបស់អតីតយុទ្ធជនទេនោះ សប្បុរសជនទាំងអស់ ក៏គ្មានឱកាសរកស៊ីមានបាននោះឡើយ៕