(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសនៅក្នុងពិធីអបអរសាទរខួប ៩ឆ្នាំនៃទិវាអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះថា គ្រួសាររបស់សម្តេចជួយឧបត្ថម្ភដល់ក្រុមគ្រួសារ អតីតយុទ្ធជនដែលបានទទួលមរណភាព ចំនួន១០០សព ក្នុងមួយឆ្នាំ ខណៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជួយ៥០សពក្នុងមួយឆ្នាំ។
សូមបញ្ជាក់ថា គ្រួសារសពអតីតយុទ្ធជនមួយសព ទទួលបានការឧបត្ថម្ភ ៤លានរៀល។ បើតាមនាយឧត្តមសេនីយ៍ គន់ គីម ក្នុងមួយខែ អតីតយុទ្ធប្រមាណពី ២០-៤០នាក់ បានទទួលមរណភាព។
ដោយឡែកមួយទៀត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមប្រធានកាកបាទក្រហមកម្ពុជា បានប្រកាសឧបត្ថម្ភប្រាក់ ១០ម៉ឺនដុល្លារ សម្រាប់ជួយសាងសង់ផ្ទះ ជូនដល់អតីតយុទ្ធជនដែលមានដីស្រាប់ ដែលបច្ចុប្បន្នកំពុងខ្វះខាតថវិកាក្នុងការសាងសង់ផ្ទះ ចំនួនសរុបទាំងអស់៣៤៥ខ្នងទៀត។
ក្រៅពីនោះក៏មានសប្បុរសជននានា រួមមានមន្រ្តីរាជរដ្ឋាភិបាល, អ្នកឧកញ៉ា ឧកញ៉ា និងលោកជំទាវជាច្រើនរូបបានចូលរួមផ្តល់ថវិកា រហូតដល់ជាង១លានដុល្លារ សម្រាប់សាងសង់ផ្ទះ៣៤៥ខ្នង ជូនអតីតយុទ្ធជនដែលមានដីស្រាប់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរ គុណដល់សប្បុរសជនទាំងអស់ និងបានថ្លែងថា ប្រសិនបើគ្មានការតស៊ូ និងពលីរបស់អតីតយុទ្ធជនទេនោះ សប្បុរសជនទាំងអស់ក៏គ្មាន ឱកាសរកស៊ីមានបាននោះឡើយ៕