(ភ្នំពេញ)៖ លោក ប៉ាប្លូ កាង ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានសម្តែងក្តីរីករាយក្នុងការបំពេញបេសកកម្មការងារនៅកម្ពុជា។ លោកបានលើកឡើងថា ទោះបីការងាររបស់លោកចំពេល នៃការរាតត្បាតជំងឺកូវីដ១៩ តែលោកបានសម្រេចនូវសមិទ្ធផលជាច្រើន ដែលជាចំណែកដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី។

លោក ប៉ាប្លូ កាង បានលើកឡើងបែបនេះ ក្នុងពេលរូបលោកទទួលបាន ការអនុញ្ញាតចូលជម្រាបលាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ។

លោក ប៉ាប្លូ កាង បានចូលមកបំពេញបេសកកម្មការងារ ជាឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា កាលពីឆ្នាំ២០១៩ ហើយត្រូវបញ្ចប់បេសកកម្មការងារនៅនៅក្នុងឆ្នាំ២០២២នេះហើយ។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា ក្នុងជំនួបនោះ លោក ប៉ាប្លូ កាង បានជម្រាបសម្តេចតេជោថា បើទោះបីបេសកកម្មរបស់លោកចំពេលនៃការរាតត្បាតជំងឺកូវីដ១៩ក្តី តែលោកបានចូលរួមធ្វើសកម្មភាពជាច្រើនជួយពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។

សកម្មភាពដែលលោកបានបំពេញនោះ មានដូចជា ជំរុញការផ្តល់វ៉ាក់សាំង ឧបករណ៍រក្សាវ៉ាក់សាំង ការដោះមីន បង្កើនអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅសិក្សានៅអូស្ត្រាលី វិស័យការពារ និងជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងអាស៊ាន-អូស្ត្រាលី។

លោក អ៊ាង សុផល្លែត បានឱ្យដឹងផងដែរថា ក្នុងជំនួបនោះ លោក ប៉ាប្លូ កាង ក៏បានសម្តែងនូវការអបអរសាទរជូនសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធប្រកបដោយជោគជ័យ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានគាំទ្រកម្ពុជាក្នុងនាមជាប្រធានអាស៊ាន។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណលោក ប៉ាប្លូ កាង ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ៕