(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីរំលឹកខួប ទិវាអតីតយុទ្ធជនកម្ពុជា លើកទី៩ ដែលប្រារព្ធឡើង នៅសាលមហោស្រពកោះពេជ្រ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ការប្រារព្វខួបទី៩ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជា គឺជាការរលឹកដឹងគុណ ដល់បងប្អូនអតីតយុទ្ធជន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ សម្តេចតេជោ ក៏បានផ្ញើក្តីនឹករលឹក និងសាកសួរសុខទុក្ខដល់កងកម្លាំងគ្រប់ប្រភេទនៅទូទាំងប្រទេស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ប្រទេសកម្ពុជាត្រូវរងការខ្ទេចខ្ទាំនៅក្នុងរបបប៉ុលពត ប្រជាពលរដ្ឋខ្មែររងនូវទុក្ខវេទនា ការកាប់សម្លាប់យ៉ាងឃោរឃៅ និងព្រាត់ប្រាស់យ៉ាងឈឺចាប់ខ្លោចផ្សារបំផុត។ សម្តេចតេជោ បន្តថា ទីណាមានការជិះជាន់ ត្រូវតែមានការតស៊ូ តាមរយៈចលនាតស៊ូរណសិរ្ស២ធ្នូ បងប្អូនអ្នកតស៊ូ បានក្រោកឡើងរំដោះប្រទេសជាតិ បានទាំងស្រុងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ ក្រោយរំដោះប្រទេសបាន ត្រូវតស៊ូទប់ទល់យ៉ាងលំបាកនូវការប៉ុនប៉ងដណ្តើមប្រទេសពីពួកខ្មែរក្រហម។
* សម្តេចតេជោ បានបន្តថា ក្នុងរយៈ៣៧ឆ្នាំកន្លងទៅនេះ សម្រេចបានសមិទ្ធផលធំជាច្រើន ក្នុងនោះរួមមានការស្តារ និងកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តនានា ដើម្បីបម្រើដល់ការអភិវឌ្ឍប្រទេសជាតិ នឹងរក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយ ហើយបានជួយជីវភាពរបស់ប្រជាពលរដ្ឋ កើនឡើងជាលំដាប់ ជាពិសេសការរក្សាបាននូវសុខសន្តិភាពពាសពេញផ្ទៃប្រទេស។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា គ្រួសាររបស់សម្តេចជួយដល់ក្រុមគ្រួសារអតីតយុទ្ធជនមរណភាព១០០សព ក្នុងមួយឆ្នាំ ខណៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជួយ៥០សពក្នុងមួយឆ្នាំ។ សូមបញ្ជាក់ថា គ្រួសារសពអតីតយុទ្ធជនមួយសព ទទួលបានការឧបត្ថម្ភ ៤លានរៀល។ បើតាមនាយឧត្តមសេនីយ៍ គន់ គីម ក្នុងមួយខែអតីតយុទ្ធប្រមាណពី ២០-៤០នាក់បានទទួលមរណភាព។
* សម្តេចតេជោ ហ៊ុន សែន បានហៅការផ្តល់របស់សម្តេច គឺជាការជួយដល់អតីតយុទ្ធ ហើយប្រសិនបើបក្សប្រឆាំង ប្រឆាំងនឹងការជួយនេះ សម្តេចតេជោ ជឿជាក់ថា បងប្អូនអតីតយុទ្ធជននឹងមិនលើកលែងឲ្យបក្សប្រឆាំងនោះឡើយ។
* នៅក្នុងពិធីអបអរសាទរខួប ៩ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជា សប្បុរសជននានា បានចូលរួមផ្តល់ថវិកាជាង ១លានដុល្លារ សម្រាប់សាងសង់ផ្ទះ ៣៤៥ខ្នង ជូនអតីតយុទ្ធជនដែលមានដីស្រាប់។ សម្តេចតេជោ បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ និងបានថ្លែងថា ប្រសិនបើគ្មានការតស៊ូ និងពលីរបស់អតីតយុទ្ធជនទេនោះ សប្បុរសជនទាំងអស់ ក៏គ្មានឱកាសរកស៊ីមានបាននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៩៖២៥នាទី៕