(ភ្នំពេញ)៖ សមត្ថកិច្ចនគបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ បានបញ្ជូនមនុស្ស៥នាក់ ដែលសង្ស័យពាក់ព័ន្ធនឹងករណីប្រទះឃើញគ្រាប់បែកនៅក្បែរក្រុមហ៊ុនណាហ្គាវើលដ៍ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ក្នុងនោះមាន៤នាក់ជាជនជាតិចិន និងម្នាក់ជាជនជាតិខ្មែរ ។
ការបញ្ជូនខ្លួនក្រុមជនសង្ស័យទាំងនេះ គឺធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនពួកគេ ក្រោយសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងករណីគ្រាប់បែកដៃមួយដោយបង្កប់នៅក្នុងនំខេក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្បែរក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។
ជនសង្ស័យទាងនោះរួមមានឈ្មោះ៖ ១៖ ឈ្មោះ YANG JIAKANG ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន (អ្នកបើករថយន្ត), ២៖ ឈ្មោះ TU LINAN ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិចិន, ៣៖ ឈ្មោះ YANG YUDONG ភេទប្រុស អាយុ២៥ឆ្នាំជនជាតិចិន, ៤៖ ឈ្មោះ CHEN DI ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន និង៥៖ ឈ្មោះ សួង ស្រីអូន ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ។ ចំណែកវត្ថុតាងចាប់យកមាន៖ រថយន្ត០១គ្រឿងម៉ាក LANG ROVER DEFENDER ពណ៍ស្លែ សេរី២០២១ ពាក់ផ្លាកលេខ កម្ពុជា-LC.9888។
ជនសង្ស័យទាំងនេះ ត្រូវបានឃាត់ខ្លួន នៅម៉ោង៧៖៣០នាទី នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ដោយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅចំណុចផ្ទះលេខ១៩ បូរីប៉េងហួត បឹងស្នោរ ផ្លូវM-០២ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា នៅព្រឹកព្រលឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ មានករណីប្រទះឃើញគ្រាប់បែកមួយគ្រា ប់ដែលប្រឡាក់ដោយនំខេក នៅចំណុចក្រុមហ៊ុនណាហ្គាវើល២ តាមផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ គ្រាប់បែកនេះ ត្រូវបានបុគ្គលិកក្រុមហ៊ុនសុិនទ្រី ប្រទះឃើញ នៅក្នុងថង់ពណ៌សមួយ នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ ហើយបានរាយការណ៍ជូនសន្តិសុខក្រុមហ៊ុននេះ រហូតដល់មានការប្តឹងបន្តទៅដល់សមត្ថកិច្ច។ បន្ទាប់ពីប្រទះឃើញនេះ គ្រាប់បែកក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស៊ីម៉ាក់ ក៏បានរៀបចំបំផ្ទុះគ្រាប់បែកនេះចោលតែម្តង។
បើតាម អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក) លោក ហេង រតនា បានបញ្ជាក់ថា គ្រាប់បែកដៃមួយគ្រាប់ដែលជនសង្ស័យបង្កប់ក្នុងនំខេក ហើយមកទម្លាក់ចោលនៅក្បែរវិមានរដ្ឋសភានោះ ជាប្រភេទគ្រាប់បែកដៃ F1 ដែលផលិតនៅប្រទេសរុស្ស៉ី។
បើតាម លោក ហេង រតនា គ្រាប់បែកដៃមួយគ្រាប់នោះក្រោយរកឃើញភ្លាម អាជ្ញាធរជំនាញបានដោះបន្សាបគ្រាប់បែកនោះដោយប្រើបច្ចេកទេសទាញខ្សែពីចម្ងាយ ហើយគ្រាប់បែកដៃនោះក៏បានផ្ទុះ ប៉ុន្តែ ពុំបណ្តាលឱ្យមនុស្សរងរបួសឡើយ៕