(ស្វាយរៀង)៖ ដើម្បីសម្រួលនូវការលំបាករបស់ប្រជាពលរដ្ឋនៅឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្នុងការដាំបង្គោលភ្លើងអគ្គិសនី នៅថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានដាក់គ្រឿងចក្រចុះឈូសឆាយផ្លូវលំមួយខ្សែប្រវែង ៦០០ម៉ែត្រ ក្នុងការដាំបង្គោលភ្លើងឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ ខណៈដែលបច្ចុប្បន្នមិនទាន់មានបង្គោលភ្លើង និងភ្លើងប្រើប្រាស់បានត្រឹមត្រូវតាមស្តង់ដានោះទេ។

សកម្មភាពខាងលើនេះមានការចូលរួមពីអាជ្ញាធរខេត្ត លោកអភិបាលស្រុកស្វាយជ្រំ លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេប៉ុស្តិ៍ ក្រុមការអគ្គិសនីស្វាយរៀង និងប្រជាពលរដ្ឋ ព្រមទាំងប្រជាការពារភូមិជាច្រើនរូបទៀតផងដែរ។

មន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀង បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានជំរុញដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដឹកនាំដោយលោក នួន លីហួន ជាប្រធានមន្ទីរ បានរៀបចំគ្រឿងចក្រឈូសឆាយពង្រីកផ្លូវលំប្រវែង ៦០០ម៉ែត្រ ឱ្យក្រុមការងារអង្គភាពអគ្គិសនីស្វាយរៀង ចូលដាំបង្គោលភ្លើងជូនដល់ប្រជាពលរដ្ឋនៅឃុំបាសាក់ ស្រុកស្វាយជ្រំ បានប្រើប្រាស់អគ្គិសនី។

មន្ត្រីដដែលបានបញ្ជាក់ថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង តែងតែចុះអន្តរាគមន៍ឈូសឆាយផ្លូវមួយចំនួនក្នុងខេត្តដែលមានការលំបាក ដើម្បីជួយសម្រួលដល់ពលរដ្ឋក្នុងការធ្វើដំណើរឱ្យបានងាយស្រួល ជាពិសេសដឹកកសិផលទៅកាន់ទីផ្សារ និងទៅកាន់មន្ទីរពេទ្យផងដែរ។

ជាមួយគ្នានេះប្រជាពលរដ្ឋនៅឃុំបាសាក់ បានត្រេកអរ និងអរគុណចំពោះលោក ម៉ែន វិបុល ជាអភិបាលខេត្តស្វាយរៀង ដែលតែងតែដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋ ជាពិសេសបានស្ថាបនាផ្លូវនានាក្នុងឃុំបានជាច្រើនខ្សែ ដែលជាការរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋបានមួយកម្រិត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលផ្ដោតសំខាន់ទៅលើវិស័យ៤ ជាអាទិភាពរួមមាន៖ ទឹក ភ្លើង ផ្លូវ និងធនធានមនុស្ស៕