(ពោធិ៍សាត់)៖ អំណោយជាបរិក្ខាពេទ្យ ឱសថ ឧបករណ៍ និងសម្ភារវេជ្ជសាស្ត្រ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងលោកជំទាវ បានត្រូវលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ តំណាងសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងលោក គង់ សារាជ ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា និងជាប្រធានភូមិភាគទី៧ នាំយកមកប្រគល់ជូនអាជ្ញាធរខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ប្រើប្រាស់ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ។

ពិធីប្រគល់ទទួលសម្ភារខាងលើ ត្រូវបានប្រារព្ធធ្វើនៅវេទិកាសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរសុខាភិបាល និងប្រធានមន្ទីរពេទ្យបង្អែកផងដែរ។

លោក ម៉ម ប៊ុននាង បានជម្រាបជូនថា អំណោយជាបរិក្ខាពេទ្យ ឱសថ ឧបករណ៍ និងសម្ភារវេជ្ជសាស្ត្រ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ដែលយកមកប្រគល់ជូនអាជ្ញាធរខេត្តពោធិ៍សាត់នាពេលនេះ រួមមាន៖ ថ្នាំពេទ្យចំនួន១៤មុខ ស្មើនឹង១៩០កេស, សម្លៀកបំពាក់២៩កេស, មួក២កេស, ម៉ាស៨កេស, កាបូប១កេស, សរុប២៣០កេស ដែលគិតជាទឹកប្រាក់សរុបស្មើនឹង ៣០,៦៦៥២ដុល្លារ។

ដោយឡែកសម្រាប់មន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ តាមរយៈលោក ទី នរិន្ទ រដ្ឋលេខាធិកាក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកភ្នំក្រវាញ មានថ្នាំដាក់ភ្នែកចំនួន៦កេស, ថ្នាំបន្តក់ភ្នែកតូច ២០កេស, ថ្នាំម៉្សៅកេសព័ណ៌ស្វាយ៨កេស, ថ្នាំ១០កេស, ថ្នាំលាប២កេស, ថ្នាំម្ស៉ៅកេសធំ១០កេស, ថ្នាំcefotin២កេស, ថ្នាំវីតាមីន២កេស សរុប៦០កេស គិតជាទឹកប្រាក់សរុបចំនួន ៨១០០០ដុល្លារសហរដ្ឋអាមេរិក។ បរិក្ខាពេទ្យ ឱសថ ឧបករណ៍ និងសម្ភារវេជ្ជសាស្ត្រទាំងអស់នេះ បានមកពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកល សាធារណរដ្ឋកូរ៉េ ដែលប្រគល់ជូនសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកស្រី ហើយសម្ដេចក៏បានប្រគល់ជូនបន្ត មកឱ្យអាជ្ញាធរខេត្តពោធិ៍សាត់ សម្រាប់ចែកចាយទៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដើម្បីប្រើប្រាស់ក្នុងការព្យាបាលអ្នកជំងឺ។

លោក ខូយ រីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ដែលបានប្រគល់ជូននូវបរិក្ខាពេទ្យ ឱសថ ឧបករណ៍ និងសម្ភារវេជ្ជសាស្ត្រ ដល់រដ្ឋបាលសាលាខេត្តពោធិ៍សាត់នាពេលនេះ។ លោកអភិបាលខេត្ត នឹងយកសម្ភារៈវេជ្ជសាស្ត្រទាំងអស់នេះ ប្រគល់ជូនទៅមន្ទីរសុខាភិបាលខេត្ត ដើម្បីចែកចាយបន្តទៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពតាមក្រុងស្រុកនីមួយៗ សម្រាប់ប្រើប្រាស់ក្នុងការព្យាបាល អ្នកជំងឺឱ្យមានប្រសិទ្ធភាព ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខ៕