(ភ្នំពេញ)៖ ពេទ្យឆ្មបជាង១០០នាក់ ទទួលបានការបណ្ដុះបណ្ដាលបំប៉នជំនាញ ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈ ពីគម្រោង SafeMa សហការជាមួយសាកលវិទ្យាល័យអន្ដរជាតិ (IU)។ ពិធីប្រគល់វិញ្ញាបនបត្រ ជូនសិក្ខាកាមវគ្គសិក្សា SafeMa ជុំទី១ និងជុំទី២ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោកបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្តរជាតិ។

លោកបណ្ឌិតសភាចារ្យ នេត បារ៉ុម សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យអន្ដរជាតិ បានឲ្យដឹងថា វគ្គសិក្សាបំប៉នជំនាញនេះផ្ដល់ជូនអ្នកដែលមានវិជ្ជាជីវៈឆ្មប ដើម្បីឲ្យពួកគាត់កាន់តែមានសមត្ថភាពបន្ថែមទៀត និងកាន់តែមានបទពិសោធន៍លើជំនាញឆ្មប។ លោកបន្ដថា វគ្គសិក្សានេះ ក៏បណ្ដុះបណ្ដាលនូវបំណិនដើម្បីឲ្យពេទ្យឆ្មបទាំងអស់ ចេះដោះស្រាយបញ្ហាដែលអាចកើតមានឡើងជាយថាហេតុនៅពេលបំពេញការងារ។

បើតាមលោកបណ្ឌិតសភាចារ្យ នេត បារ៉ុម អ្វីដែលផ្ដល់ជូនក្នុងវគ្គបំប៉នជំនាញនេះ ភាគច្រើនជាចំណេះដឹងក្រោយថ្នាក់បរិញ្ញាបត្រ ដោយរៀនផ្អែកលើការប្រតិបត្តិជាក់ស្ដែងរបស់ពេទ្យឆ្មប។ មួយទៀត វគ្គសិក្សានេះក៏បានជួយដល់ពេទ្យឆ្មប ដើម្បីឆ្លុះបញ្ចាំងអ្វីដែលបានពីការងារជាក់ស្ដែង សំដៅដោះស្រាយបញ្ហាដែលកើតមាន និងដើម្បីលើកកម្ពស់ឥរិយាបថវិជ្ជាជីវៈ ក្រមសីលធម៌ ដើម្បីផ្ដល់ភាពកក់ក្ដៅដល់ម្ដាយ និងទារក។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត សាបូ អូហ្សាណូ បានចូលរួមអបអរសាទរជាមួយ សិក្សាកាមវគ្គសេហ្វម៉ា (SafeMa) ក្រោយបញ្ចប់ការសិក្សាដោយជោគជ័យ ព្រមជាមួយការទទួលបាននូវបទពិសោធន៍ ចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីខ្លួនមានសមត្ថភាពកាន់តែប្រសើរបន្ថែម ហើយក៏បញ្ចៀសបាននូវហេតុការណ៍ផ្សេងៗ ដែលអាចកើតមានឡើងនៅពេលបំពេញការងារ។

លោកបណ្ឌិត សាបូ អូហ្សាណូ ក៏បានធ្វើការណែនាំបន្ថែមដល់សិក្ខាកាម ដែលបានរៀនបញ្ចប់វគ្គសិក្សាសេហ្វម៉ា (ផ្នែកឆ្មប) ដែលរៀនបរិញ្ញាបត្ររង ហើយចង់រៀនបន្តយកបរិញ្ញាបត្រ ជំនាញឆ្មបបន្ថែមទៀត សាកលវិទ្យាល័យអន្តរជាតិ នឹងផ្តល់អាហារូបករណ៍ជូនរហូតដល់៥០ភាគរយបន្ថែមទៀតផងដែរ។

គួរជម្រាបថា គម្រោង SafeMa ក្រោមការឧបត្ថម្ភគាំទ្រពីសហគមន៍អឺរ៉ុប ដែលមានគោលបំណងបណ្ដុះបណ្ដាល និងផ្សព្វផ្សាយនូវចំណេះដឹងជាន់ខ្ពស់ និងថ្មីៗ ពង្រឹងនិងបំពេញបន្ថែមពាក់ព័ន្ធនឹង ជំនាញឆ្មប និងសុខភាពបន្តពូជ ជូនដល់បុគ្គលិកសុខាភិបាល ទាំងវិស័យរដ្ឋ និងឯកជន ដែលមានសញ្ញាបត្ររួចហើយ និងកំពុងបំពេញការងារលើ ផ្នែកនេះនៅទូទាំងប្រទេសកម្ពុជា។

ដោយឡែក សាកលវិទ្យាល័យអន្តរជាតិ IU គឺជាសាកលវិទ្យាល័យមួយ ដែលទទួលបានសិទ្ធិក្នុងការបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈសុខាភិបាល រួមមាន៖ ថ្នាក់វេជ្ជបណ្ឌិតទូទៅ, ថ្នាក់បរិញ្ញាបត្រឱសថ, ថ្នាក់ទន្តបណ្ឌិតទូទៅ, ថ្នាក់បរិញ្ញាបត្រ/បរិញ្ញាបត្ររងគិលានុបដ្ឋាក, ថ្នាក់បរិញ្ញាបត្រ/បរិញ្ញាបត្ររងឆ្មប, ថ្នាក់បរិញ្ញាបត្រសុខភាពសាធារណៈ, ថ្នាក់បរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍, ថ្នាក់បរិញ្ញាបត្ររងទន្តគិលានុបដ្ឋាក និងថ្នាក់បរិញ្ញាបត្ររងបច្ចេកទេសវិទ្យុសាស្ត្រ៕