(ភ្នំពេញ)៖ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានបន្តដំណើរការចរចាព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ (CEPA)​ ជុំទី២ ដែលភាគីទាំងពីរំពឹងថា ក្រោយកិច្ចព្រមព្រៀងនេះចូលជាធរមាន នឹងជំរុញការនាំចេញមុខទំនិញអទិភាព សម្រាប់បំពេញតម្រូវការឱ្យគ្នាទៅវិញ។

​ការចរចាជុំទី២ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (CEPA) បាន​ប្រព្រឹត្តិទៅរយៈពេល០៣ថ្ងៃ ​ចាប់ពីថ្ងៃទី១៩ ដល់ទី២១ ខែធ្នូ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ​

លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាសហប្រធានក្រុមចរចា កិច្ចព្រមព្រៀង CEPA មានប្រសាសន៍ថា ផ្អែកតាមរបៀបវារៈដែលបានឯកភាពគ្នា ក្រុមការងារនៃភាគីទាំងពីរនឹងបន្តពិនិត្យ និងពិភាក្សាកាន់តែស៊ីជម្រៅលើអត្ថបទជំពូកសរុបទាំង១៨ជំពូក ដែលទាក់ទងនឹងវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្មទំនិញ របាំងពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ ពាណិជ្ជកម្មសេវា កិច្ចសម្រួលពាណិជ្ជកម្ម វិធានដើមកំណើតទំនិញ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឧបាស្រ័យពាណិជ្ជកម្ម វិនិយោគ កម្មសិទ្ធិបញ្ញា ​រួមទាំងច្បាប់និងស្ថាប័ន ដោយឈរលើមាគ៌ាផលប្រយោជន៍រួម និងបំពេញឲ្យគ្នាទៅវិញទៅមក។ល។ បន្ថែមពីនេះ ភាគីទាំងពីរក៏នឹងចរចាលម្អិតលើការស្នើបើក និងផ្តល់ទីផ្សារទំនិញ និងសេវាឱ្យគា្នទៅវិញទៅមកផងដែរ​ ដើម្បីកំណត់ថា ទំនិញប៉ុន្មានមុខដែលត្រូវនាំចេញនាំចូលដោយកាត់បន្ថយពន្ធ។
​លោកស្រីបន្តថា ការចរចាកិច្ចព្រមព្រៀងនេះ អាចនឹងត្រូវការរយៈពេល៦ខែទៀត ដើម្បីបញ្ចប់កិច្ចចរចា​ទាំងស្រុង ដើម្បីឈានទៅដាក់ឆ្លងគណៈរដ្ឋមន្រ្តី រដ្ឋសភា ព្រឹទ្ធសភា និងព្រះមហាក្សត្រ នាពេលខាងមុខ។

លោកមានប្រសាសន៍បន្ថែមថា «សម្រាប់ការចរចាកិច្ចព្រមព្រៀងនេះ យើងក៏បានធ្វើការជាមួយវិស័យឯកជនដែលមកពីវិស័យកសិកម្ម ឧស្សាហកម្ម និងខាងវិស័យអាហារហាឡាល់។ ក្នុងនោះដែរវិស័យឯកជន ដូចជាសហព័ន្ធស្រូវអង្ករ បានស្នើឱ្យមានការដាក់បញ្ចូលនូវទំនិញផ្សេងៗដូចជា​ ផលិតផលច្នៃពីអង្ករ​ រួមមានគុយទាវ និងផលិតផលផ្សេងៗទៀតដូចជាទឹកត្រចៀកកាំ និងផលិតផលឧស្សាហកម្ម ដូចជាសម្លៀកបំពាក់ កាបូប ស្បែងជើង ផលិតផលធ្វើដំណើរ និងពង្រីកនូវទំនិញផ្សេងៗដែលកម្ពុជាអាចជំរុញការនាំចេញទៅប្រទេសអេមីរ៉ាតអារ៉ាប់រួមបាន»

​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា នេះគឺជាលើកទី១ហើយ ដែលកម្ពុជា ឈានទៅធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសនៅក្នុងតំបន់មជ្ឈឹមបូព៌ា ដោយកន្លងមានតែនៅក្នុងតំបន់អាស៊ីប៉ុណ្ណោះ​ ដោយសារតែ​ អេមីរ៉ាតអារ៉ាប់រួម គឺជាដៃគូឈានមុខគេរបស់កម្ពុជា ​សម្រាប់តំបន់មជ្ឈឹមបូព៌ា។

លោកកត់សម្គាល់ថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម ត្រូវបាន​​វាយខ្ពស់ថា ជាទីផ្សារដ៏មានសក្តានុពលសម្រាប់ការនាំចេញរបស់កម្ពុជានាពេលមុខ ដោយសារ​ប្រជាជនប្រទេសនេះ មានចំណូលខ្ពស់ ដែលក្នុងមួយឆ្នាំប្រជាជនម្នាក់មានចំណូល ប្រមាណ ៤២ ៨៨០ដុល្លារអាមេរិក។ ហើយនៅពេលកិច្ចព្រមព្រៀង CEPA ចូលជាធរមាន ភាគីទាំងពីររំពឹងថា នៅរយៈពេល៥ឆ្នាំខាងមុខ ​ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ​នឹងឡើងដល់១ពាន់លានដុល្លារ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងបន្តថា កិច្ចព្រមព្រៀង CEPA គឺជាកិច្ចព្រមព្រៀងបំពេញបន្ថែមរវាងគ្នាទៅវិញទៅមក ដោយខាងអេមីរ៉ាតអារ៉ាប់រួម មានតម្រូវការខាងម្ហូបអាហារ ស្របពេលដែលកម្ពុជាមានតម្រូវការខាងថាមពល ពោលគឺរាល់មុខទំនិញដែលនាំចេញ និងចូលនាំ​ ជាមិនមែនការប្រកួតប្រជែ​ងគ្នាទេ គឺ​បំពេញតម្រូវការគ្នាទៅវិញទៅមក ខណៈប្រទេសអេមីរ៉ាតអារ៉ាប់រួម ជាប្រទេសមួយដែលនាំចេញប្រេង និងប្រេងឥន្ធនៈដ៏សំខាន់មួយនៅក្នុងពិភពលោក ​ហើយ​កម្ពុជាមានអតិរេកស្បៀង​។

លោករំពឹងថា ទំនិញអទិភាព ក្នុងការនាំចេញ រួមមាន ផលិតផលវាយណភ័ណ្ឌ ដូចជាស្បែកជើង សម្លៀកបំពាក់ កង់ ផលិតផលធ្វើដំណើរ ផលិតផលកសិកម្មជាដើម នឹងត្រូវបានលើកលែង ឬកាត់បន្ថយពន្ធ។ ទន្ទឹម​គ្នានេះ កម្ពុជា នឹងពិចារណានាំចូលនូវទំនិញពីអេមីរ៉ាតអារ៉ាប់រួម មកវិញដូចជា ប្រេងរំអិលសម្រាប់យាន្តយន្ត ជ័រកៅស៊ូ ជី និងចំណីសត្វ ដើម្បីបំពេញតម្រូវការក្នុងស្រុក​​។

លោកបន្ថែមថា តាមរយៈកិច្ចព្រមព្រៀងCEPA កម្ពុជានឹងមានលទ្ធភាពបន្តធ្វើពិពិធកម្មទីផ្សារសេរី សម្រាប់ការនាំចេញទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងជាឱកាសចាប់យកទីផ្សារអារ៉ាប់ដ៏ទៃទៀតនៅក្នុងមជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើង ដែលជាតំបន់ក្បែរប្រទេសនេះ។ ក្រោយកិច្ចព្រមព្រៀងនេះចូលជាធរមាន ក្រៅពីជំរុញការនាំចេញនូវមុខទំនិញអទិភាព កម្ពុជាក៏អាចច្ប៉ាមយកកំណើនភ្ញៀវទេសចណ៍​ និងវិនិយោគិន ពីប្រទេសអេមីរ៉ាតអារ៉ាប់រួម ​ជាពិសេសលើវិស័យរ៉ែ និងថាមពល ​និងការផ្ទេរបច្ចេកវិទ្យាជាដើម។

​លោកមានប្រសាសន៍ទៀតថា នៅ​ពេលខាងមុខប្រទេសនេះ នឹងវិនិយោគលើការកែច្នៃម្ហូបអាហារនៅកម្ពុជាឱ្យកាន់តែមានស្តង់ដារ និងការប្រកួតប្រជែង ដើម្បីនាំចេញទៅក្រៅប្រទេស ដោយមិនត្រឹមតែនាំចេញទៅ អេមីរ៉ាតអារ៉ាប់រួមប៉ុណ្ណោះ រួមទាំងទៅអ៊ឺរ៉ុប និងអាហ្វ្រិកជាដើមផងដែរ។

លោក ជូម៉ា ម៉ូហាមេដ អាល់ កាត (Juma Mohammed AI Kait) អនុរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ​របស់អេមីរ៉ាតអារ៉ាប់រួម​ បាន​លើកឡើងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងអារ៉ាប់រួម នឹងធ្វើឲ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កើនឡើងលើកំណើនដែលមានស្រាប់​។ ក្រុមការងារនៃភាគីទាំងពីរ នឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឆ្ពោះទៅសម្រេចបាននូវការបញ្ចប់ការចរចាជាផ្លូវការតាមការរំពឹងទុក។

លោកបានគូសបញ្ជាក់បន្ថែមថា «កម្ពុជាគឺជាប្រទេសដ៏សំខាន់ ក្នុងការផ្គត់ផ្គង់ផលិតផលម្ហូបអាហារ ​ហើយ​អេមីរ៉ាតអារ៉ាប់រួមបានសម្លឹងឃើញថា ក្រៅពីការនាំចូលទំនិញ វិនិយោគិនរបស់អេមីរ៉ាតអារ៉ាប់រួម ក៏នឹង​បង្កើតរោងចក្រឧស្សាហកម្ម​ នាពេលខាង​មុខផងដែរ។ នៅថ្ងៃខាងមុខ ក្រុមធុរកិច្ចអេមីរ៉ាតអារ៉ាប់រួម​ ​ក៏មានផែនការមកបំពេញទស្សកិច្ចនៅកម្ពុជា ​ព្រមទាំងអនុវត្តតាមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។»

​គួរជម្រាបថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម កាលពីឆ្នាំ២០២១ មានតម្លៃ ប្រមាណ ២៧៩លានដុល្លារអាមេរិក កើនឡើង៤០%​ ពោលគឺស្ថិតនៅកម្រិតទាបនៅឡើយ ដោយសារកម្ពុជា មិនទាន់មានកិច្ចព្រមព្រៀង និងការវិនិយោគរវាងគ្នា ទៅវិញទៅមក​៕