(ភ្នំពេញ)៖ យុវជនម្នាក់ណាត់នារី២នាក់ដែលជាអ្នកស្គាល់គ្នា ទៅញាំបង្អែម និងប្រហិតនៅមុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញជាមួយគ្នា ស្រាប់តែឃើញឱកាសល្អនារី២នាក់នោះ បានលួចម៉ូតទៅបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០យប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ស្ថិតក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ប៉ុន្ដែធ្វើសកម្មភាពសម្រេចបានតែមួយយប់ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវរកឃើញ បង្ក្រាបបានទាំងក្រុមសរុបចំនួន១៣នាក់ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ ព្រោះតែម៉ូតូរបស់ជនរងគ្រោះមានភ្ជាប់ GPS។ ជនសង្ស័យទាំង១៣នាក់នោះ ត្រូវបង្ក្រាបបាននៅដីឡូតិ៍មួយកន្លែង ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល។

សមត្ថកិច្ចបានបញ្ជាក់ថា យុវជនរងគ្រោះឈ្មោះ ចែម រ៉ាម៉ា អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល។ ខណៈម៉ូតូដែលត្រូវបាននារីរូបស្រស់យកទៅនោះ ម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០២២ ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1JU-6279។ ដោយឡែក ជនសង្ស័យដែលបង្ក្រាបបាននេះ មានរហ័ស្សនាម «KP ZIN» ដែលកន្លងមកតែងធ្វើសកម្មភាព ស្ទាក់គប់កញ្ចក់រថយន្តតាមផ្លូវ ប្រើប្រាស់គ្រឿងញៀន ដើរបង្កអំពើហិង្សាជាដើម។

យុវជនរងគ្រោះ បានឲ្យដឹងថា ខ្លួន និងស្រ្តីសង្ស័យ២នាក់ខាងលើ បានស្គាល់គ្នាជាងមួយខែកន្លងមកហើយ និងធ្លាប់ដើរលេងជាមួយគ្នាច្រើនដងមកហើយដែរ លើកចុងក្រោយនៅវេលាយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បានណាត់ជួបគ្នាដើរលេងទៀត។ ពេលនោះខ្លួនបានជិះម៉ូតូទៅឌុបនាងនៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចច្រកចូលភូមិអង្គ សង្កាត់ចោមចៅទី៣ ទៅហូបប្រហិត និងបង្អែមនៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

រហូតដល់វេលាម៉ោងជាង១០យប់ថ្ងៃដដែល ទើបហៅអ្នកលក់ឲ្យគិតលុយ រួចនាំគ្នាឡើងជិះជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ប៉ុន្តែហៀបនឹងចេញដំណើរទៅហើយ ស្រាប់តែអ្នកលក់ហៅឲ្យឈប់ដោយប្រាប់ថា ទូទាត់ប្រាក់ខ្វះ។ ពេលនោះខ្លួន បានចុះពីលើម៉ូតូយកលុយឲ្យអ្នកលក់ថែមទៀត ដោយពុំបានដកសោម៉ូតូចេញឡើយ ហើយឃើញឱកាសល្អ ស្រ្តី២នាក់នោះ នាំគ្នាលួចជិះគេចខ្លួនបាត់តែម្ដង។

បច្ចុប្បន្នជនសង្ស័យទាំង១៣នាក់នេះ ត្រូវបានបញ្ជូនទៅសួរនាំអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់។ ដោយឡែក នារី២នាក់នោះ បានជិះម៉ូតូដែលលួចនោះគេខ្លួនបាត់ ក្រោយដោះប្រព័ន្ធ GPS បោះចោលនៅកន្លែងដែលសមត្ថកិច្ចឃាត់ខ្លួនបក្ខពួករបស់គេ៕