(កំពង់ឆ្នាំង)៖ ពិធីបុណ្យរដូវរំហើយ គឺជាព្រឹត្តិការណ៍មហាជនប្រចាំរដូវរំហើយ ក្នុងប្រទេសកម្ពុជា ស្របនឹងពេលវេលាដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បាននិងកំពុងប្រមូលផលស្រូវ ដាល់អំបុក បង្ហើរខ្លែង និងសកម្មភាពអបអរសប្បាយ ទទួលអំណរក្នុងរដូវថ្មី នៅតាមភូមិស្រុកនានា។ ការប្រារព្ធពិធីបុណ្យនេះគឺជាឆ្នាំទី២ ដែលមូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន បានរៀបចំ និងឧបត្ថម្ភកម្មវិធីដាល់អំបុក។

ដោយឡែកនៅឆ្នាំនេះ មូនិធិបានរៀបចំជាព្រឹត្តិការណ៍បុណ្យរដូវរំហើយ ដោយរួមបញ្ចូលទាំងពិធី ដាល់អំបុក ពិធីបង្ហើរខ្លែងឯកខ្មែរ និងខ្លែងគ្រប់ប្រភេទ រួមទាំងមានការសម្ដែងរបាំបុរាណប្រចាំតំបន់ របាំប្រជាប្រិយ ចាប៉ីដងវែង ល្ខោនបាសាក់ ល្ខោនខោល អាយ៉ៃឆ្លើយឆ្លង ការប្រគំតន្ត្រី ល្បែងប្រជាប្រិយ និងទម្រង់សិល្បៈចម្រុះផ្សេងទៀតជាច្រើន ការរៀបនេះផងដែរ ដោយទទួលបានការសហការពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង និងគាំទ្របច្ចេកទេសដោយភ្លើងគប់។

គោលបំណង នៃការរៀបចំពិធីបុណ្យនេះ គឺដើម្បីចូលរួមជា មួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកនាំ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែង ឆ្ងាយ ពិសេសក្នុងកិច្ចខិតខំប្រឹងប្រែងលើកស្ទួយ ថែរក្សា និងអភិរក្ស នូវប្រពៃណី ទំនៀមទម្លាប់ពីបុរាណជាយូរលង់ណាស់មកហើយ។ តាមរយៈបុណ្យរដូវរំហើយ នឹងបង្ហាញនូវភាពទាក់ទាញថ្មីៗ ដែលកំពុងកើតមាន ក្នុងទឹកដី នៃស្រុកកំពង់លែងជារួម និងនិយាយដោយឡែក ការការពារ និងអភិរក្ស តំបន់ប្រើប្រាស់ច្រើនយ៉ាង «ភ្នំនាងកង្រី-ភ្នំទូកមាស » ស្ថិតក្នុងឃុំពោធិ័ និងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយកំពុងសហការជាមួយក្រសួងបរិស្ថាន, ការការពារ និងបង្កើនវត្តមានសត្វព្រៃក្នុងតំបន់ និងការការពារព្រៃឈើ ជីវៈចម្រុះ, គម្រោងរៀបចំវត្តអារាមគំរូលើផ្ទៃដីជាង១០ហិកតា, មណ្ឌលវិបស្សនា, មណ្ឌលពុទ្ធិកសិក្សា, សួនសេចក្តីស្រលាញ់, កន្លែងកំសាន្តលំហែរ, កន្លែងជិះកង់, កន្លែងបោះតង់ និងកន្លែងទាក់ទាញអេកូទេសចរណ៍ ទេសចរណ៍បុរាណដ្ឋាន និងទេសចរណ៍សហគមន៍ជាដើម -ល-។

ពិធីបុណ្យរដូវរំហើយ ចាប់ផ្តើមប្រារព្ធនៅក្នុងទឹកដីនៃស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៧ និងទី១៨ ខែធ្នូ ឆ្នាំ ២០២២ ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី នាព្រឹកថ្ងៃទី១៧ធ្នូ ជាថ្ងៃទី១ ដែលជាព្រឹត្ដិការណ៍ដ៏អធិកអធមដំបូង ក្រោមវត្តមានលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការកងទ័ពជើងអាកាស អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង, លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ដកំពង់ឆ្នាំង លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានមូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន មន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកសារព័ត៌មាន ព្រមទាំងប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែងផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋមកពីគ្រប់ទិសទីអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។

ក្មុងកម្មវិធីបុណ្យនាថ្ងៃទី១ និងថ្ងៃទី២ខាងលើនេះ ក៏មានការប្រកួតដាល់អំបុក ដែលជាដំណាក់កាលទីពីរ បន្ទាប់ពីការច្រូត បោកបែនស្រូវ នៅក្នុងព្រឹត្ដិការណ៍កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ក្រុមខ្លាំងទាំង៨ នឹងមកប្រកួតគ្នា ដើម្បីទទួលបាននូវរង្វាន់ និងមានការប្រកួតបង្ហោះខ្លែងគ្រប់ប្រភេទជ្រើសរើសអ្នកជាប់ចំណាត់ថ្នាក់ជ័យលាភី ដើម្បីទទួលរង្វាន់។ ក្នុងពីធីនោះ ក៏មានការសម្ដែងរបាំបុរាណខ្មែរ ជាច្រើនទម្រង់ ដែលជាផ្ទាំងទស្សនីយភាពសម្រាប់ការទស្សនារបស់ភ្ញៀវ និងគណៈអធិបតីដែលបានអញ្ជើញមកចូលរួម ក្នុងពិធីបុណ្យទាំងពីរថ្ងៃនេះផងដែរ។

ដោយឡែកក្នុងការប្រកួតដាល់អំបុកដែលមាន៨ក្រុម អ្នកដែលជាប់ចំណាត់ថ្នាក់លេខ១ ទទួល បានថវិកា៤លានរៀល, លេខ២ ទទួលបានថវិកា៣លានរៀល, លេខ៣ពីរលានរៀល, ចំណែក៥ក្រុមទៀតដែលពុំបានទទួលចំណាត់ថ្នាក់ ក៏ទទួលបាន១លានរៀល ក្នុងមួយក្រុមដែលជារង្វាន់លួងចិត្ត។ ចំណែកការប្រកួតបង្ហោះខ្លែងឯក ដែលមានក្លែងចំនួន១០មកពីតាមបណ្ដាលស្រុក និងក្រុងកំពង់ឆ្នាំង មកចូលរួមប្រកួតគឺខ្លែងឯក ដែលទទួលបានជ័យលាភីលេខ១ ទទួលបានថវិកា៤លានរៀល, លេខពីរ៣លានរៀល,និងលេខ៣មួយលានរៀល,ចំណែកខ្លែងឯក៧ទៀត ដែលពុំទទួលបានចំណាត់ ថ្នាក់ ក៏ទទួលបានថវិកាមួយលានរៀល ក្នុង១ក្រុមដែលជារង្វាន់ដួងចិត្តផងដែរ។

សូមបញ្ជាក់ថា ទាំង២រាត្រី ក៏មានការបង្ហោះគោមចំនួន២០២ ៣គោម និងការបាញ់កាំជ្រួចដ៏ច្រើន និងក៏មានការប្រគុំតន្រ្ដី ចាប៉ីដងវែង ការសម្តែងល្ខោនបាសាក់ ល្ខោនខោន របាំប្រ ចាំតំបន់ របាំរហ័សសម័យ អាយ៉ៃឆ្លើយឆ្លង ល្បែងប្រជាប្រិ យ ការប្រគំតន្ត្រីដែលមានចូលរួមពីតារាល្បីៗជាច្រើនរូប និងទស្សនីយភាពល្ខោនសៀក ល្ខោនសៀកកម្ពុជាហ្វា និងសមាគមហ្វាពន្លឺសិល្បៈ និងអមដោយកម្មវិធីផ្សេងៗជាច្រើនទៀត។

នៅថ្ងៃបញ្ចប់ពិធីបុណ្យលោក អ៉ឹង ស៊ីវខូវ ប្រធានគណៈកម្មការរៀបចំពិធីបុណ្យរដូវរំហើយ បានថ្លែងថា ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានមូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន បានគិតគូរ និងយក ចិត្តទុកដាក់ខ្ពស់លើការ លើកស្ទួយថែរក្សា និងអភិរក្ស ប្រពៃណី ទំនៀមទំលាប់ វប្បធម៌និងសិល្បៈពីដូនតា ហើយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងត្រូវបន្តរៀបចំជារៀងរាល់ឆ្នាំ លើសពីនេះ យើងក៏បានរៀបចំ កម្មវិធីប្រចាំឆ្នាំផ្សេងទៀតដូចជា ស ង្ក្រានភ្នំទូកមាស កាលពីខែមេសា ឆ្នាំ២០២២កន្លងទៅនេះ យើងបានរៀបចំមានភាពយ៉ាងអធឹកអធម រយៈពេល០៣ ថ្ងៃ នៅស្រុកកំពង់លែង មានមនុស្សចូលរួមប្រមាណ១ម៉ឺន៥ពាន់នាក់។

លោកបានបន្តថា មូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តរៀបចំព្រឹត្តិការណ៍បុណ្យរដូវរំហើយ នេះឲ្យបានជារៀងរាល់ឆ្នាំ។ លើសពីនេះលោកនឹងរៀបចំឲ្យមានកម្មវិធីមហាជនផ្សេងទៀត ដូចជាការរត់ម៉ារ៉ាតុងជាដើម ក្នុងពេលសមស្របណាមួយនាពេខាងមុខ។

មូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន មានបេសកកម្មក្នុងការលើកត ម្កើងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដ៏ផូរផង់ដែលជាដួងព្រលឹងជាតិ ឲ្យមានភាពរស់រវើក និងជំរុញលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក្នុងតំបន់ស្រុកកំពង់លែង និងប្រជា ជននៅជុំវិញតំបន់នេះ ដែលនឹងទទួលផលប្រយោជន៍ដោយផ្ទាល់ពីការអភិរក្សការពារនានា និងការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិក្នុងតំបន់នេះរបស់មូលនិធិ។

ក្រៅពីការលើកតម្កើងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ មូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន បានផ្តោតលើកិច្ចការសង្គមផ្សេងៗជាច្រើនទៀត រួមមាន ការអភិវឌ្ឍសមត្ថភាពសិស្សានុសិស្សក្នុងស្រុកកំពង់ លែង ការគាំទ្រដល់វិស័យពុទ្ធសាសនា ការចូលរួមថែរក្សាបរិស្ថាន ការពារព្រៃឈើ ការពារនិងបង្កើនវត្តមានសត្វព្រៃនិងជីវៈចម្រុះ និងការចូលរួមក្នុងកិច្ចអភិវឌ្ឍមូលដ្ឋាន ដូចជាផ្លូវថ្នល់ ទឹកស្អាត និងអនាម័យជាដើម។

ដោយសម្លឹងឃើញអំពីឱកាសនៃការបណ្ដុះបណ្ដាលថ្នាលធនធានមនុស្សក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ បានរៀបចំឲ្យមានការជ្រើសរើសយុវជន ជាសិស្សានុសិស្សនៃវិទ្យាល័យកំពង់លែង ចំនួន ១៥០នាក់ ធ្វើជាអ្នកស្ម័គ្រចិត្តសំរបសំរួលរៀបចំពិធីបុណ្យរដូវរំហើយ ដោយទទួលបានការបណ្តុះបណ្តាលពីភ្លើងគប់ ជាក្រុមហ៊ុនមានបទពិសោធន៍សំបូរបែប ក្នុងការរៀបចំព្រឹត្តិការណ៍សិល្បៈវប្បធម៌ប្រពៃណីបុរាណ ដែលយើងទាំងអស់ គ្នាបានស្គាល់នោះគឺ «បុណ្យភូមិ»

តាមរយៈការបណ្តុះប ណ្តាលនេះ យុវសិស្សទាំងអស់ នឹងទទួលបានទាំងចំណេះ ដឹង ចំណេះធ្វើ និងឈានដល់ការដកបទពិសោធន៍ផ្ទាល់ក្នុងការរៀបចំកម្មវិធីកម្រិតស្តង់ដារដ៏ល្អមួយ ដែលជាចំណែកអភិវឌ្ឍជំនាញរឹង និងជំនាញទន់ដ៏សំបូរបែបសម្រាប់ពួកគាត់។ នេះក៏ជាឱកាសដែលយុវសិស្សទាំងអស់អាចចាប់ផ្តើមគិតគូរពីអាជីពការងារនាពេលអនាគត បានយ៉ាងល្អផងដែរ។

ក្នុងឱកាសពិធីបុណ្យរដូវរំហើយខាងលើនេះផងដែរ លោកស្រី ម៉ែន សំអន បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនលោកស្រី មានក្តីសោមនស្សរីករាយ ដោយបានមកចូលរួមក្នុងពិធី ដាល់អំបុកនិងបង្ហើរខ្លែងជ្រោមជ្រែងប្រពៃណីខ្មែរ នៅខេត្តកំពង់ឆ្នាំង នាឱកាសដ៏សប្បាយរីករាយនេះ ជាបុណ្យប្រពៃណីជាតិរបស់ប្រជាជនខ្មែរ ដែលមានតាំងពីយូរលង់មកហើយ។

ជាមួយគ្នានេះដែរ លោកស្រី ក៏សូមថ្លែងអំណរគុណចំពោះ ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានមូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង, អភិបាលរង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានសហការ និងចូលរួមរៀបចំកម្មពិធីដាល់អំបុក និងបង្ហើរខ្លែងជ្រោមជ្រែងប្រពៃណីខ្មែរ នៅខេត្តកំពង់ឆ្នាំង ដែលបានបញ្ជាក់ពីភាពរីកចម្រើន សម្បូរសប្បាយ និងការអភិវឌ្ឍន៍របស់ខេត្តកំពង់ឆ្នាំង ក្រោមម្លប់នៃសុខសន្តិភាព។

ជាមួយគ្នានេះផងដែរ លោកស្រីក៏សូមកោតសសើរដល់ ការអភិវឌ្ឍន៍ខេត្ត រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង និងការតុប តែងបានយ៉ាងស្រស់ស្អាត បានបង្កើននូវសោភណ្ឌភាពខេត្ត កាន់តែស្រស់ស្អាត មួយកម្រិតទៀត។ លោកស្រីក៏សូមថ្លែងអំណរគុណ ដល់បុគ្គលិកសុខាភិបាល គ្រប់ថ្នាក់នៃខេត្តកំពង់ឆ្នាំង បានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ ទទួលបានជោគជ័យ គួរជាទីមោទនៈ ទោះបីជាទទួលបានជោគជ័យនៃការគ្រប់គ្រងកូវីដ១៩ យ៉ាងណាក៏ដោយ ក៏បងប្អូនទាំងអស់គ្នា ត្រូវបន្តគោរ ពនូវវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមក្នុងការ បង្ការនូវជំងឺឆ្លងផ្សេងៗចូលក្នុងសហគមន៍។

អាស្រ័យដោយកត្តាអំណោយផល នៃសុខសន្តិភាព និងការអភិវឌ្ឍន៍ជាក់ស្តែង ក្នុងឆ្នាំ២០២២នេះ ព្រះរាជាណាចក្រកម្ពុជា មានមហាកិត្តិយសដ៏ធំធេងលើឆាកអន្តរជាតិបន្ថែមទៀត ដែលសម្តេចតេជោ អញ្ជើញទៅអាមេរិកធ្វើសហប្រធាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅកាន់ប្រទេសតំបន់អឺរ៉ុប ដើម្បីធ្វើជាសហប្រធាន នៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួប៥៤ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប។

កិច្ចប្រជុំនេះ ត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល និងជោគជ័យដ៏ត្រចះត្រចង់ នៃកិច្ចប្រជុំកំពូលអាស៊ានក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន និងជោគជ័យនៃមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) ក្រោមការដឹកនាំរបស់សម្តេចពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាប្រធាន ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា បានបង្កើត ជាកិត្តិយសជាតិ មោទនភាពជាតិ និងកិត្យានុភាពជាតិដ៏ក្រៃលែងមួយសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល ជាពិសេស មនុញ្ញផលនេះនឹងផ្តល់នូវសក្តានុពលយ៉ាងសំខាន់ ដល់កម្ពុជានាពេលខាងមុខ៕