២០ថ្ងៃ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសចំនួន៧០នាក់ និងរបួស២៤៨នាក់
21-06-2016 06:55
(ភ្នំពេញ)៖ របាយការណ៍របស់នាយកដ្ឋានគនរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា រយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ទី២០ ខែមិថុនា ឆ្នាំ២០១៦ នៅទូទាំងប្រទេសកម្ពុជា មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៦៣ករណី ស្លាប់មនុស្ស៧០នាក់ រងរបួសធ្ងន់១៦៨នាក់ និងរបួសស្រាល ៨០នាក់។
របាយការណ៍ដដែល ចុះផ្សាយដោយគេហទំព័រ អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងទៀតថា មូលហេតុចំបងៗ ដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន បើកបរក្នុងល្បឿនលឿន មិនប្រកាន់ស្តាំ ប្រជែងគ្រោះថ្នាក់ មិនគោរពសិទ្ធិ ស្រវឹង បង់គ្រោះថ្នាក់ ងងុយដេក និងកត្តាយានយន្តជាដើម។
ដោយឡែក នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៤លើក (យប់១លើក) បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ រងរបួសធ្ងន់៣នាក់ និងរបួសស្រាលម្នាក់។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៤លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន៨គ្រឿង រួមមានម៉ូតូចំនួន ៤គ្រឿង រថយន្តធុនតូចចំនួន១គ្រឿង, រថយន្តធុនធំ២គ្រឿង, កង់១គ្រឿង។
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមានចំនួន ៣,១៦០គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៥០៨គ្រឿង និងពិន័យសរុប ១,៦៥២គ្រឿង ៕