(កំពង់ធំ)៖ លោក អ៊ុន បុត្ត អភិបាលរងខេត្ត និងជាប្រធានក្រុមពិសេសថ្នាក់ខេត្តសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ខេត្តកំពង់ធំ បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមធ្វើតេស្តឈាម និងអ្នកស្ម័គ្រចិត្តព្យាបាល ជំងឺគ្រុនចាញ់ ជាពិសេសមិនត្រូវទៅរកសេវាឯកជនជាដាក់ខាតប្រសិនបើមានករណីសង្ស័យ។
ការអំពាវនាវបែបនេះរបស់លោក អ៊ុន បុត្ត បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញកិច្ចប្រជុំប្រចាំត្រីមាសក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ។
នាឱកាសនោះលោកអភិបាលរងខេត្ត បន្តថា មានប្រជាជនភាគច្រើនមិនចូលរួមធ្វើតេស្តឈាម និងអ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់ទេពេលឈឺគាត់ទៅរកសេវាឯកជន ហើយស្នើសុំក្រុមប្រឹក្សាឃុំទាំងអស់ ដាក់បញ្ចូលរបៀបវារៈការជំរុញការងារធ្វើតេស្តឈាម ស្វែងរកជំងឺគ្រុននចាញ់នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាឃុំរៀងរាល់កិច្ចប្រជុំក្រុមប្រឹក្សាឃុំ ដើម្បី្របញ្រ្ជាបការងារធ្វើតេស្តឈាមឱ្យក្រុមប្រឹក្សាឃុំទាំងអស់បានដឹង និងជួយជំរុញការងារនេះបានទៅដល់គ្រប់ភូមិ ឃុំ។
លោក អ៊ុន បុត្ត បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ គឺស្នើសុំសមាជិកក្រុមការងារពិសេសលុបបាត់ជំងឺគ្រុនចាញ់ទាំងអស់ ជួយណែនាំប្រជាជនឱ្យស្គាល់ និងមកធ្វើតេស្តឈាមនៅផ្ទះអ្នកស្ម័គ្រចិត្យព្យាបាលជំងឺគ្រុនចាញ់ ដែលមានស្លាកសញ្ញាពណ៌លឿង និងមានសរសេរនៅទីនេះមានធ្វើតេស្តឈាម និងព្យាបាលជំងឺគ្រុនចាញ់ ដោយឥតគិតថ្លៃនៅទូទាំងប្រទេស។
បន្ថែមពីនេះ ប្រធានក្រុមពិសេសថ្នាក់ខេត្តសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត ក៏ស្នើសុំសមាជិកក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ទាំងអស់ ជួយផ្សព្វផ្សាយពីវិធានការការពារជំងឺគ្រុនចាញ់ដល់ប្រជាជននៅតាមភូមិ និងជួយជំរុញប្រជាជនឱ្យមកធ្វើតេស្តឈាមបន្ទាប់ពីត្រឡប់មកពីព្រៃ ឬចំការវិញ និងពេលមានគ្រុនក្តៅព្រោះចំនួនករណីវិជ្ជមាន មានការកើនឡើងច្រើនជាងឆ្នាំ២០២១។
បើតាមលោក ទូច ផល្លា ប្រធានកម្មវិធីគ្រុនចាញ់ខេត្ត បានបង្ហាញពីគោលបំណងប្រជុំគឺបូកសរុបការងារប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ថ្នាក់ខេត្ត និងស្រុកប្រតិបត្តិក្នុងឆ្នាំ២០២២ រយៈពេល១១ខែ ចាប់ពីខែមករាដល់ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីកំណត់បាននូវបញ្ហាប្រឈម និងឧបសគ្គសំខាន់ៗការងារគ្រុនចាញ់ និងពិភាក្សាកំណត់រកដំណោះស្រាយបញ្ហាជារួម និងព្រមទាំងលើកទិសដៅយុទ្ធសាស្ត្របន្តកម្រិតខេត្ត ស្រុកប្រតិបត្តិសម្រាប់ត្រីមាសបន្ទាប់៕