(ហាណូយ)៖ នាយករដ្ឋមន្ត្រីដែលទើបឡើងកាន់តំណែងថ្មី របស់វៀតណាម លោក Nguyen Xuan Phuc បានដាក់សំណើមួយទៅកាន់សភា ដើម្បីបិទព្រៃដ៏ធំមួយ នៅតំបន់ភាគកណ្តាលប្រទេស ទុកជា តំបន់អភិរក្ស និងបិទរោងចក្រកែច្នៃឈើនានា ទូទាំងប្រទេសផងដែរ។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងដំណើរទស្សនកិច្ចនៅខេត្ត Dak Lak លោក Phuc បានលើកឡើងពីដំណោះស្រាយ ដើម្បីការពារព្រៃឈើ នៅក្នុងប្រទេស ដោយតំណាក់កាលដំបូងព្រៃឈើប្រមាណ ២,២៥លានហិកតា នៅក្នុងតំបន់ Central Highlands នៃខេត្ត Dak Lak នឹងត្រូវដាក់ជាតំបន់អភិរក្សទ្រង់ទ្រាយធំ ប៉ុន្តែសម្រាប់ប្រើប្រាស់លើវិស័យការពារជាតិ និងសន្តិសុខត្រូវបានលើកលែង។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ តំបន់ Central Highlands ដែលជាគំរបបៃតងដ៏សំខាន់នៅប្រទេស វៀតណាម កំពុងគ្របដណ្តប់ដោយព្រៃឈើ ៤១ភាគរយ ហើយរដ្ឋាភិបាលថ្មីបានប្រកាសថា ខ្លួនមានគំរោងធ្វើឲ្យតំបន់នេះ មានព្រៃឈើគ្របដណ្តប់កើនឡើងរហូតដល់ ៥៩ភាគរយនៅឆ្នាំ២០២០៕