(ប៉េកាំង)៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងទៅបំពេញទៅទស្សនកិច្ចជាផ្លូវការមួយ នៅក្នុងប្រទេសចិន នាថ្ងៃទី២៥ ខែមិថុនា ខាងមុខនេះ ដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងមិត្តភាពទ្វេភាគីរវាងប្រទេសជិតខាងទាំងពីរ។ នេះបើយោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ នៅថ្ងៃទី២០ ខែមិថុនា។
លោក Lu Kang អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន បានឲ្យដឹងថា លោក Putin នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅចិន តាមការអញ្ជើញរបស់លោក Xi Jinping ប្រធានាធិបតីចិន។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមទៀតថា លោក Jinping និងលោក Putin នឹងជួបពិភាក្សាលើកកិច្ចការមួយចំនួន ដោយក្នុងនោះផ្ដោតសំខាន់លើវិស័យទំនាក់ទំនង និងការអភិវឌ្ឍន៍ ដោយប្រទេសទាំងគ្រោងនឹងវិនិយោទុនរួមគ្នា ទៅលើគម្រោងជាច្រើន។
ក្រៅពីជួបពិភាក្សា ប្រធានាធិបតីនៃប្រទេសទាំងពីរ នឹងចុះហត្ថលេខលើកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួន ក្នុងនោះក៏មានរឿងនយោបាយផងដែរ។
នៅក្នុងសេចក្ដីប្រកាសក៏បានឲ្យដឹងផងដែរថា ក្រៅពីជួបលោក Jinping , លោក Putin នឹងត្រូវជួបជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Keqiang រួមនឹងសមាជិកសភាជាច្រើនរូប៕