(សៀមរាប)៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប និងសកលវិទ្យាល័យអង្គរ បានសហការគ្នា បើកវគ្គបណ្ដុះបណ្ដាល ជំនាញប្រាស្រ័យទាក់ទង និងបដិសណ្ឋាកិច្ច ជូនដល់មន្ត្រី និងបុគ្គលិករបស់ខ្លួនចំនួន ២០០នាក់ ដោយបែងចែកជាពីរវគ្គបណ្ដុះបណ្ដាល នៅសកលវិទ្យាល័យអង្គរ (Angkor University) ខេត្តសៀមរាប ចាប់ពីថ្ងៃទី២០ ដល់២៣ មិថុនា ឆ្នាំ២០១៦នេះ។
វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងដើម្បីចូលរួមចំណែក ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល ការពង្រឹង និង ការអភិវឌ្ឍន៍សមត្ថភាព ដល់ស្ថាប័ន អង្គភាព មន្ត្រី បុគ្គលិកនិងគ្រប់ភាគីពាក់ព័ន្ធ គឺជាអាទិភាពដ៏ចំបងមួយ។
លោក ង៉ូវ សេងកាក់ ប្រធាមមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងនៅក្នុងកម្មវិធីបើកវគ្គ នាព្រឹកថ្ងៃទី២០ មិថុនានេះថា ក្រសួងទេសចរណ៍ បានលើកយុទ្ធសាស្ត្រ សម្រាប់ការ អនុវត្តន៍ ក្នុងនោះការពង្រឹង និង ការអភិវឌ្ឍន៍សមត្ថភាពដល់ស្ថាប័ន អង្គភាព មន្ត្រី បុគ្គលិក ប្រតិបត្តិការទេសចរ និងគ្រប់ភាគីពាក់ព័ន្ធ គឺជាមធ្យោបាយដ៏អាទិភាពមួយ ។ ចំពោះ ការបដិសណ្ឋាកិច្ចដ៏គាប់ប្រសើរ និងប្រកបដោយវិជ្ជាជីវៈ ដូចជាការទំនាក់ទំនងល្អ ការបង្ករភាពស្និទ្ធស្នាល ការរក្សាបាននូវបរិយាកាស និងសុវត្ថិភាពល្អប្រសើរ ការយល់ដឹងនិងការឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវ អតិថិជន សាធារណៈជនទូទៅ គឺតម្រូវឲ្យមានការចូលរួមចំណែកពីគ្រប់ភាគី និងដៃគូរពាក់ព័ន្ធទាំងអស់ សម្រាប់ការលើកកម្ពស់វិស័យទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់នោះ។
លោក លី សែ នាយកប្រតិបត្តិគ្រឹះស្ថានអង្គរ បានប្រាប់ឲ្យដឹងដែរថា ការទាក់ទាញកំណើនភ្ញៀវទេសចរ ឲ្យមកទស្សនានៅកម្ពុជា មិនមែនតែមានប្រាសាទអង្គរ មួយប៉ុណ្ណោះទេ គឺវាគួបផ្សំនឹងសេវាកម្ម ដូចជាការធ្វើបដិសណ្ឋាកិច្ច សណ្ឋាគារ ម្ហូបអាហារ និងកត្តាសំខាន់ៗមួយចំនួនទៀត ។ អីចឹង វគ្គបណ្ដុះបណ្ដាល ស្ដីពី បដិសណ្ឋាកិច្ចនេះឍគឺមានតួនាទី សំខាន់ណាស់ ដែលតម្រូវឲ្យមន្ត្រី បុគ្គលិក នៃគ្រឹះស្ថានអង្គរ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ដើម្បីបានចូលរួមចំណែក ក្នុងការទាក់ទាញភ្ញៀវទេសចរ ឲ្យមកទស្សនា ប្រទេសជាតិយើង ក៏ដូចជាខេត្តសៀមរាប ឲ្យបានកាន់តែច្រើនបន្ថែមទៀត ។
លោក ធិម សេរីវឌ្ឍ ដែលជាគ្រូឧទ្ទេស និងជាប្រធានការិយាល័យឧស្សាហកម្មទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តសៀមរាប បានពន្យល់ដល់សិក្ខាកាម ថា បុគ្គលិក ឬនិង អ្នកបំរើការងារខាងបដិសណ្ឋាកិច្ច ក្នុងវិស័យទេសចរណ៍ សំខាន់ត្រូវមានលក្ខណៈសម្បត្តិល្អប្រសើរ ដូចជា ភាពស្មោះត្រង់ រៀបរយ អំណត់ ភាពប៉ិនប្រសប់។ ក្នុងនោះត្រូវមាន អាកប្បកិរិយាត្រឹមត្រូវ ដូចជា ភាវកិច្ច សុជីវធម៌ ទម្លាប់ល្អ មិនត្រឹមតែប៉ុណ្ណោះ សមត្ថភាព និងអំណោយផលផ្ទាល់ខ្លួន ដូចជា សុខភាពល្អ ស្មារតីចងចាំ ការប្រុងប្រយ័ត្ន ស្គាល់ចិត្ត និងមានវិធីសាស្រ្តល្អប្រសើរក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ អតិថិជន ភ្ញៀវ ។ ហើយត្រូវមានចំណេះដឹងខាងភាសាបរទេស សមត្ថភាពជំនាញ ការសង្គ្រោះបឋម ជំនាញប្រាស្រ័យទាក់ទង ជាមួយអតិថិជន និងភ្ញៀវ ក៏ដូចជាមន្ត្រី បុគ្គលិក នៅក្នុងស្ថាប័ន ដៃគូរ និងស្ថាប័ន អង្គភាពពាក់ព័ន្ធ ផងដែរ៕