(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ អញ្ជើញអប់រំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ប្រកបដោយភាពទទួលខុសត្រូវ និងរក្សាបាននូវការងារលក្ខការណ៍របស់កងទ័ព ដែលពាក់ព័ន្ធដល់សន្តិសុខជាតិ។
ក្នុងនោះក៏មានការចូលរួមពី លោកមេបញ្ជាការរង កងពល នាយសេនាធិការរង នាយការិយាល័យ នាយផ្នែកជំនាញ មេបញ្ជាការ កងអនុសេនាធំចំណុះ កងពល លោកមេបញ្ជាការ វរសេនាតូចទាំង៤ និងនាយទាហានវ័យក្មេង។ ពិធីនេះប្រព្រឹត្តឡើងនៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានគូសបញ្ជាក់ថា បច្ចេកវិទ្យាឌីជីថល បច្ចុប្បន្នកំពុងវិវត្តន៍ប្រកបដោយនវានុវត្តន៍ភាព ជាពិសេសបណ្តាញទំនាក់ទំនងសង្គម ដែលកំពុងដើរតួយ៉ាងសំខាន់ ក្នុងការប្រើប្រាស់របស់មនុស្សលោកជាសកល ដែលវាបានផ្តល់នូវផលវិជ្ជមាន និងអវិជ្ជមាន អាស្រ័យលើអ្នកប្រើប្រាស់ ចំពោះកងកម្លាំង ត្រូវអនុវត្តឲ្យបាន ក្នុងការរក្សាការសម្ងាត់យោធា ដែលបានកំណត់ឲ្យបានជាប់ជាប្រចាំ។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ក៏បានថ្លែងកោតសរសើរ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលតែងតែចែករំលែក លើបណ្តាញទំនាក់ទំនងសង្គម នូវសកម្មភាពល្អៗ ការវិវត្តន៍រីកចម្រើននៃប្រទេសជាតិ សកម្មភាពថ្នាក់ដឹកនាំ លើកស្ទួយកិត្តិយសជាតិ លុបបំបាត់នូវការ ផ្សាយបំផ្លើសការពិត របស់ចលនាក្រុមឧទ្ទាមចង់ធ្វើបដិវត្តន៍ពណ៌ទាំងសកម្មភាពជាក់ស្តែង និងបណ្តាញទំនាក់ទំនងសង្គម ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៕