(ព្រះសីហនុ)៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានបើកដំណើរការសាខារបស់ខ្លួននៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាលខេត្ត។ ក្នុងនោះក៏មានការចូលរួមពី ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សហគ្រាសធុនតូច និងមធ្យម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ និងជាទីប្រឹក្សាក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រធាន អនុប្រធានគ្រប់គ្រងគម្រោងសហគ្រិននារីសកម្ មនៃអង្គការផេកប្រចាំនៅកម្ពុជា និងម្ចាស់អាជីវកម្មជាច្រើនរូបទៀត។
ពិធីសម្ពោធនៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ឡើងក្នុងគោលបំណង ដើម្បីប្រកាសបើកជាផ្លូវការសាខាសមាគមសហគ្រិនវ័យក្មេងកម្ពុជា ខេត្តព្រះសីហនុ និងធ្វើការផ្សព្វផ្សាយអំពីគេហទំព័រចំនួនពីរ ដែលចូលរួមក្នុងការ អភិវឌ្ឍអាជីវកម្ម រួមមាន biz.info.aseanaccess និង KhmerSME ដែលជាវេទិកាអេឡិចត្រូនិចបណ្តុំទៅដោយព័ត៌មានអាជីវកម្ម ឱកាសវិនិយោគ និងដៃគូរអាជីវកម្ម ជាពិសេសនូវធនធានចំណេះដឹងអំពីច្បាប់ និងទដ្ឋានគតិយុទ្ធពាក់ព័ន្ធនឹងអាជីវកម្ម ទាំងក្នុងប្រទេស និងបណ្តាលប្រទេសក្នុងតំបន់អាស៊ាន។
បន្ថែមពីនេះ សមាគមនឹងធ្វើការផ្សព្វផ្សាយ សៀវភៅមគ្គុទេសក៍វិនិយោគសម្រាប់ខេត្តព្រះសីហនុ ដែលត្រូវបានផលិតឡើងប្រកបដោយប្រសិទ្ធភាព ដោយសារមានការចូលរួមគាំទ្រពីរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរួមចំណែកគាំទ្រសហគ្រិន និងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិសម្រាប់ខេត្តព្រះសីហនុបន្ថែមទៀត។
លោក ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោក គួច ចំរើន ដែលផ្តល់កិត្តិយសជាគណៈអធិបតីចូលរួមក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះ ជាពិសេសលោកតែងតែបានផ្ដល់ការគាំទ្រ និងសហការយ៉ាងជិតស្និតក្នុងការបង្កើតសមាគមសហគ្រិនវ័យក្មេងខេត្តព្រះសីហនុ បានយ៉ាងជោគជ័យ ជាពិសេសការចងក្រងសៀវភៅមគ្គុទេសន៍វិនិយោគ ខេត្តព្រះសីហនុ ដែលជាធនធានយ៉ាងសំខាន់ នៃការទាក់ទាញអ្នកវិនិយោគបន្ថែមមកខេត្តព្រះសីហនុ និងផ្ដល់ជាព័ត៌មានសំខាន់ៗ សម្រាប់សហគ្រិននៅខេត្តព្រះសីហនុ ដែលជ្រោមជ្រែងឲ្យមានការអភិវឌ្ឍដែលត្រូវនឹងតម្រូវការទីផ្សារនៅក្នុងខេត្ត។
លោកបានបន្តថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានបន្តបេសកកម្មរបស់ខ្លួន ក្នុងភាពជាដៃគូសហការជាមួយស្ថាប័នពាក់ព័ន្ធនានា ដើម្បីធានាឲ្យមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថល អាជីវកម្មបែបរិយាប័ន ការច្នៃប្រឌិត និងការបង្កើតថ្មីរបស់សហគ្រាសធុនមីក្រូតូច និងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាង១៣ឆ្នាំ។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តព្រះសីហនុ ជាសាខាទី៦ ដែលយើងបានបង្កើតឡើង ក្នុងចំណោមសាខាខេត្តផ្សេងទៀតរួមមាន សៀមរាប កំពង់ចាម ត្បូងឃ្មុំ បាត់ដំបង បន្ទាយមានជ័យ និងក្រចេះ ហើយសមាគមនឹងបន្តបង្កើតសាខាឲ្យបានគ្រប់ខេត្តក្រុងត្រឹមឆ្នាំ ២០២៦។
ជាមួយគ្នានោះ លោក ជា ច័ន្ទតារ៉ា ប្រធានផ្នែកប្រតិបត្តិការ និងជាសមាជិកគណៈកម្មការនាយក នៃអង្គការ Aide et Action នៅកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តព្រះសីហនុ នាថ្ងៃនេះ គឺជាសមិទ្ធផលនៃការចាប់ផ្តើមកិច្ចសហការជាដៃគូនៃស្ថាប័នទាំងពីរ ក្រោមគម្រោង CO-SAVED នេះ។ នាពេលដ៏ខ្លីខាងមុខស្ថាប័នទាំង២នឹងបន្តសហការគ្នាដើម្បីបង្កើតសមាគមវ័យក្មេងកម្ពុជានៅខេត្តកំពត និងកែបថែមទៀត។
ក្នុងឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC វ៉ាយអ៊ីអេស៊ី) ដែលបានបង្កើតតាំងពីឆ្នាំ២០០៩មក និងបានខិតខំប្រឹងប្រែងពង្រីកសេវាកម្ម និងបណ្តាញរបស់ខ្លួន ដើម្បីអាចជួយដល់សហគ្រិនក្នុងស្រុកកាន់តែច្រើនឡើង តាមរយៈការបើកសាខានៅតាមបណ្ដាខេត្តសំខាន់ៗកន្លងមក។
ជាក់ស្ដែងកាលពីពាក់កណ្តាលឆ្នាំនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានពង្រីកសាខារបស់ខ្លួនមកដល់ខេត្តព្រះសីហនុ លោកបានបន្តថា វត្តមានរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា នាពេលនេះនឹងចូលរួមចំណែកដ៏សំខាន់ដល់ការរីកចម្រើនសេដ្ឋកិច្ចក្នុងខេត្ត ដែលនឹងផ្តល់ឱកាសដល់សហគ្រិនវ័យក្មេងខេត្តព្រះសីហនុ យើងទទួលបានឱកាសកសាងសមត្ថភាពចូលរួមជាមួយបណ្តាញអាជីវកម្ម និងពង្រឹងដៃគូរអាជីវកម្ម ដើម្បីអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួនតាមរយៈគម្រោង /កម្មវិធីនានារបស់សមាគម ក្នុងនោះក៏បានបណ្តុះបណ្តាលជាច្រើនលើកច្រើនសារដល់សហគ្រានធុនមីក្រូ តូច និងមធ្យមតាមតំបន់ឆ្នេរ ការរៀបចំ និងបោះពុម្ពមគ្គុទេសក៍វិនិយោគខេត្តព្រះសីហនុ៕