(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន ដែលបានចាត់បញ្ជូនកម្លាំងភ្នាក់ងារសន្ដិសុខឯកជនរបស់ខ្លួន ចូលរួមជាមួយកងកម្លាំងមានសមត្ថកិច្ច ក្នុងការការពារពិធីបើក-បិទកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នាពេលថ្មីៗនេះ។
ក្នុងឱកាសអញ្ជើញបើកវគ្គបំប៉នជំនាញភ្ញាក់ងារសន្តិសុខឯកជន លើកទី៤៤ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានសម្ដែងនូវការកោតសរសើរដល់ ភ្នាក់ងារសន្តិសុខឯកជន ដែលបានចូលរួមការពារនោះ មានការយកចិត្តទុកដាក់ ការគោរពវិន័យ គោរពបទបញ្ជា និងមានក្រមសីលធម៌ អប្បកិរិយាល្អ ក្នុងពេលបំពេញបេសកកម្មមួយនេះ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន ដែលបានចាត់បញ្ជូនកម្លាំងភ្នាក់ងារសន្តិសុខឯកជន ចូលរួមការពារបើក-បិទកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមកោតសរសើរដល់ ភ្នាក់ងារសន្តិសុខឯកជន ដែលបានចូលរួមការពារនោះ មានការយកចិត្តទុកដាក់ ការគោរពវិន័យ គោរពបទបញ្ជា និងមានក្រមសីលធម៌ អប្បកិរិយាល្អ ក្នុងពេលបំពេញបេសកកម្មមួយនេះ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់»។
បន្ថែមពីនេះ លោកប្រធាននាយកដ្ឋាន លើកទឹកចិត្ត និងអំពាវនាវបន្តនូវការចូលរួមការពារព្រឹត្តការណ៍ជាតិ-អន្តរជាតិនានា ជាពិសេសព្រឹត្តការណ៍ប្រកួត SEA GAMES ឆ្នាំ២០២៣ខាងមុខនេះ។ មួយវិញទៀត លោកក៏អំពាវនាវដល់ភ្នាក់ងារសន្តិសុខឯកជន ឈរជើងតាមបណ្តាគោលដៅ រាយការណ៍ និងផ្តល់ព័ត៌មាន អំពីបទល្មើសនានា ពិសេសបទល្មើសគ្រឿងញៀន និងការជួញដូរមនុស្ស ជួញដូរពលកម្ម ឬការចាប់បង្ខាំងមនុស្សខុសច្បាប់ គ្រប់ប្រភេទ នៅតាមបណ្តាគោលដៅឈរជើងរបស់ខ្លួន។
បើតាមលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី, វិស័យសន្តិសុខឯកជន គឺមានការគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលមានចក្ខុវិស័យយ៉ាងម៉ត់ចត់ ក្នុងគោលបំណងជំរុញឲ្យ វិស័យសន្តិសុខឯកជន មានការរីកចម្រើនដើម្បីចូលរួមថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសង្គម។ ជាពិសេសបានដើរតួនាទីយ៉ាងសំខាន់ ដល់កងកម្លាំងមានសមត្ថកិច្ច ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា និងចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រកបដោយប្រសិទ្ធភាព។
លោកបានបញ្ជាក់ថា នេះជាលើកទី៤៤ ដែលនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន រៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ដល់ភ្នាក់ងារសន្តិសុខឯកជនបម្រើសេវាកម្ម និងមិនបម្រើសេវាកម្ម។ នៅក្នុងវគ្គបំប៉នជំនាញនេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងលើប្រធានបទសំខាន់ៗ ដែលយើងទាំងអស់គ្នាកំពុងតែជួបប្រទះ និងប្រឈមជាប្រចាំថ្ងៃក្នុងការអនុវត្តការងារដូចជា៖ តួនាទី និងការទទួលខុសត្រូវរបស់ភ្នាក់ងារសន្តិសុខឯកជន វិធីសាស្រ្តការពារគោលដៅ ច្បាប់ចរាចរណ៍ផ្លូវគោក របៀបផ្តល់ជំនួយ និងសហការជាមួយសមត្ថកិច្ច ការស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ វិធានការបង្ការពន្លត់អគ្គីភ័យ និងការជម្លៀសខ្លួនចេញពីអគ្គីភ័យ និងកិច្ចសហការការពារកន្លែងកើតហេតុ ជាដើម។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ត្រង់ត្រាប់ស្តាប់វាលឃ្មិនពន្យល់ ហើយក្រេបយកចំណេះដឹងទាំងនេះទៅបំពេញតួនាទីរបស់ខ្លួន ក្នុងផ្លូវវិជ្ជមានប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីការពារផលប្រយោជន៍ឯកជន សារធារណៈ និងសង្គមជាតិយើងទាំងមូល៕