(ភ្នំពេញ)៖ លោក តាន់ ស្រី ម៉ៃឃើល យី ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់អាស៊ីប៉ាស៊ីហ្វិក (KSI) បានកត់សម្គាល់អំពី គុណសម្បត្តិសម្តេចតេជោ ដែលទទួលបានពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក»។
ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់នេះ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា ពានរង្វាន់នេះ ត្រូវបានប្រគល់ជូនសម្តេចតេជោ ចំពោះសមិទ្ធផលការងារប្រកបដោយការលះបង់ ចំពោះប្រជាជន និងរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាស៊ាន។ ដោយបានក្លាយជានាយករដ្ឋមន្ត្រីកម្ពុជា នៅឆ្នាំ១៩៨៥ សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែជានាយករដ្ឋមន្ត្រីវែងជាងគេសម្រាប់អាស៊ានទេ ប៉ុន្តែជានាយករដ្ឋមន្ត្រីដែលវែងជាងគេសម្រាប់ពិភពលោកផងដែរ។ ឆ្នាំយើងបានឃើញសម្តេចតេជោ ហ៊ុន សែន បានដឹកនាំអាស៊ានប្រកបដោយជោគជ័យ នៅក្នុងពេលវេលា នៃឆ្នាំប្រកបដោយលំបាក និងប្រឈម។
លោកបានបន្តថា ក្រោមភាពជាប្រធានអាស៊ាន សម្តេចបានដឹកនាំក្នុងការពង្រឹងមជ្ឈភាពអាស៊ាន និងស្តារសេដ្ឋកិច្ចបន្ទាប់ពីជំងឺកូវីដ១៩ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការតំបន់ សម្រាប់សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតងរបស់អាស៊ានផងដែរ។ ការស្នើនូវកិច្ចព្រមព្រៀង Green Deal របស់សម្តេច គឺមានលក្ខណៈសម្លឹងទៅមុខ និងជំរុញសេដ្ឋកិច្ចបៃតង ប្រកបដោយនិរន្តរភាពនៅក្នុងអាស៊ាន ក្នុងពេលដែលពិភពលោក កំពុងឆ្ពោះទៅរកភាពគ្មានបញ្ចេញជាតិកាបូន។
លោកបានបញ្ជាក់ថា ក្រោមភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានបង្កើននូវទំនាក់ទំនងការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្មជិតស្និទ្ធជាមួយចិន។ ចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ាន។ ទំនាក់ទំនងរវាងអាស៊ាន និងចិន នាំមកនូវផលល្អ សម្រាប់វិបុលសេដ្ឋកិច្ចក្នុងតំបន់នាពេលអនាគត។ ក្នុងនាមប្រធានអាស៊ាន សម្តេចនាយករដ្ឋមន្ត្រី បានបង្កើត និងពង្រឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងអាស៊ាន និងចិន និងការវិនិយោគបន្ថែមទៀតពីចិនមកកាន់អាស៊ាន និងផ្តល់ផលប្រយោជន៍ដល់តំបន់។
លោកបានបញ្ជាក់បន្ថែមទៀតថា សម្តេចបានដើរតួនាទីគន្លឹះ ដែលមិនត្រឹមតែពង្រឹង និងពង្រីកទំនាក់ទំនងជាមួយចិននោះទេ ប៉ុន្តែជាមួយនឹងដៃគូសន្ទនាគន្លឹះរបស់អាស៊ាន ដែលបង្ហាញនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា កន្លងទៅនេះ។
ចំពោះភាពជាអ្នកដឹកនាំឆ្នើម និងភាពជាប្រធានរបស់អាស៊ាន សម្តេចបានក្លាយជាមេដឹកនាំថ្នាក់សកល។ ក្លាយជានាយករដ្ឋមន្ត្រីកម្ពុជា ៣៧ឆ្នាំកន្លងមកនេះ សម្តេចបាននាំមកនូវជោគជ័យក្នុងការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ សម្តេចបាននាំនូវការកែលម្អធំធេងនៅក្នុងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងធ្វើឱ្យសេដ្ឋកិច្ចមានការរីកចម្រើន និងទំនើប។ នេះបើតាមប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់អាស៊ីប៉ាស៊ីហ្វិក (KSI)។
លោកបានកោតសរសើរអំពីប្រវត្តិសិក្សារបស់ សម្តេចតេជោ ហ៊ុន សែន ដោយចាប់ផ្តើមពីការតស៊ូស្នាក់នៅរៀនក្នុងវត្ត រហូតដល់ទទួលបានសញ្ញាបត្រកម្រិតឧត្តមសិក្សាពីប្រទេសវៀតណាម និងរុស្ស៉ី ព្រមទាំងទទួលសញ្ញាបត្របណ្ឌិតកិត្តិយសជាច្រើន។ សម្តេចតេជោ ក៏ជាអ្នកទទួលបានពានរង្វាន់ផ្សេងៗពីអន្តរជាតិផងដែរ៕