(រតនគិរី)៖ ភ្លៀងមួយមេ លាយឡំជាមួយខ្យល់កន្ដ្រាក់ បណ្ដាលឲ្យខូចខាតផ្ទះ១៨ខ្នង និងរបួសមនុស្ស៣នាក់ នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិជ្រុង ឃុំកិះចុង ស្រុកបរកែវ ខេត្តរតនគិរី។
មន្រ្តីសាលាខេត្តរតនគិរី បានបញ្ជាក់ថា ការខូតខាតនេះមានផ្ទះ១៨ខ្នង ក្នុងនោះដួលរលំដល់ដី២ខ្នង សាលាបឋមសិក្សាភូមិជ្រុង ខូចខាតស្ទើរទាំងស្រុង និងមនុស្ស៣នាក់រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក ដើម្បីសង្គ្រោះអាយុជីវិត។
ក្នុងនោះដែរ លោក ថង សារុន អភិបាលខេត្តរតនគិរី បានចាត់ឲ្យអាជ្ញាធរមូលដ្ឋានជួយសង្គ្រោះបឋមសិន ចាំថ្ងៃស្អែកអាជ្ញាធរខេត្ត ជាមួយសប្បុរសជន ចុះជួយរំលែកទុក្ខរបស់ប្រជាពលរដ្ឋ និងនាំយកអំណោយចែកជូន ដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់នោះ៕