(ភ្នំពេញ)៖ សាលាភូមិន្ទរដ្ឋបាល ដែលជាសេនាធិការឱ្យក្រសួងមុខងារសាធារណៈ បានចាប់ផ្ដើមរៀបចំការប្រឡងជ្រើសរើសសិស្សមន្ត្រីក្រមការលើកទី១០នៃសាលាភូមិន្ទរដ្ឋបាល ដើម្បីជ្រើសរើសយកបេក្ខជនចុងក្រោយត្រឹមតែ១២០នាក់ សម្រាប់ផ្ដល់ការបណ្ដុះបណ្ដាលវគ្គមន្ត្រីក្រមការរយៈពេល១ឆ្នាំក្នុងឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល។

គួរជម្រាបថា ការប្រឡងជ្រើសរើសសិស្សមន្ត្រីក្រមការលើកទី១០នេះ ត្រូវបានចែកចេញជា២ដំណាក់កាល។ ដំណាក់កាលទី១ ជាវិញ្ញាសាសរសេរ គឺផ្តោតលើវិញ្ញាសាសំណួរពហុចម្លើយ សរុបមានចំនួន១០០សំណួរ មានរយៈពេល១ម៉ោង ដោយត្រូវបែងចែកជា៣ផ្នែកទៀត ដោយផ្នែកទី១សំណួរពាក់ព័ន្ធនឹងចំណេះដឹងទូទៅ វប្បធម៌ និងប្រវត្តិសាស្ត្រ, ផ្នែកទី២ពាក់ព័ន្ធនឹងសេដ្ឋកិច្ច ច្បាប់ រដ្ឋបាល នយោបាយ និងអាស៊ាន និងផ្នែកទី៣ពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ដំណាក់កាលទី២ ជាវិញ្ញាសាអធិប្បាយ និងអធិប្បាយខ្លី រួមនឹងភាសាបរទេស (ភាសាអង់គ្លេស ឬភាសាបារាំង)។

ដើម្បីធ្វើឱ្យដំណើរការប្រឡងនេះប្រកាន់ខ្ជាប់នូវតម្លាភាព យុត្តិធម៌ និងគុណភាព នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានដឹកនាំដោយផ្ទាល់សម្រាប់ការចាប់វិញ្ញាសាជ្រើសរើសកម្រងសំណួរ លើវិញ្ញាសារសរសេរលើកទី១ សំណួរពហុចម្លើយ។ ពិធីនេះក៏មានការចូលរួមពីលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ ជានាយកសាលាភូមិន្ទរដ្ឋបាល និងជាប្រធានមណ្ឌលប្រឡង សមាជិកក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ប្រធាន អនុប្រធានគណៈកម្មការ និងសមាជិកដែលជាអ្នកចងក្រងវិញ្ញាសា ស្ថិតនៅមណ្ឌលប្រឡងនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

ដល់រសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ការប្រឡងជ្រើសរើសសិស្សមន្ត្រីក្រមការលើកទី១០នៃសាលាភូមិន្ទរដ្ឋបាល វិញ្ញាសាសរសេរទី១ ក៏បានចាប់ផ្ដើមនៅវេលាម៉ោង១៖៣០នាទី នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងនោះមានបេក្ខជនចំនួន២៥២០អង្គ/នាក់មកពីទូទាំងប្រទេស បានចូលរួមប្រឡងជ្រើសរើសសិស្សមន្ត្រីក្រមការលើកទី១០នេះ។ លោក យក់ ប៊ុនណា តំណាងលោករដ្ឋមន្ត្រី ព្រុំ សុខា ក៏បានអញ្ជើញពិធីកាត់វិញ្ញាសាប្រឡងជូនបេក្ខជន ជាតំណាង។

នៅឱកាសនោះ លោក យក់ ប៊ុនណា បានបញ្ជាក់ថា ក្នុងការប្រឡងនេះ ក្រសួងមុខងារសាធារណៈ ជាពិសេសសាលាភូមិន្ទរដ្ឋបាលបានយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ និងត្រឹមត្រូវបំផុត ដោយបានរៀបចំកិច្ចប្រជុំលើសេចក្ដីសម្រេចស្ដីពីការតែងតាំងប្រធានមណ្ឌល និងប្រធាន អនុគណៈកម្មការនានាសម្រាប់ការប្រឡងនេះ។ ទន្ទឹមនឹងនេះ ក្នុងដំណើរការនៃការប្រឡងក៏មានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ និងមកពីក្រសួងស្ថាប័នពាក់ព័ន្ធ និងមកពីបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថាននានាផងដែរ។ ចំពោះការរៀបចំវិញ្ញាសា គឺត្រូវរៀបចំភ្លាមៗតែម្តង ដោយពុំមានការធ្វើទុកជាមុនឡើយ។

លោក យក់ ប៊ុនណា បានណែនាំដល់បេក្ខជនទាំងអស់ត្រូវបញ្ចេញឲ្យអស់ពីសមត្ថភាពនូវរាល់ចំណេះដឹងដែលខ្លួនមាន ហើយចំពោះបេក្ខជនដែលប្រឡងជាប់នៅក្នុងដំណាក់កាលទី១ ត្រូវត្រៀមខ្លួន និងពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីប្រឡងប្រជែងនៅក្នុងដំណាក់កាលទី២។ ដោយឡែក ចំពោះបេក្ខជនដែលប្រឡងធ្លាក់ សូមកុំអស់សង្ឃឹម ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ បំពេញបន្ថែមនៅចំណុចខ្វះខាតនៃចំណេះដឹងរបស់ខ្លួន ដើម្បីត្រៀមខ្លួនមកចូលរួមប្រឡងនៅឆ្នាំបន្តបន្ទាប់ទៀត។

នៅចំពោះមុខបេក្ខជន លោក យក់ ប៊ុនណា បានអះអាងថា ការប្រឡងនាពេលនេះ គឺធ្វើឡើងដោយគោរពទៅតាមគោលការណ៍គ្រឹះរបស់សាលាភូមិន្ទរដ្ឋបាល ធ្វើឲ្យមានតម្លាភាព យុត្តិធម៌ និងគុណភាព ដូច្នេះបេក្ខជនដែលមានចំណេះដឹង និងសមត្ថភាពពិតប្រាកដ គឺជាប់ ហើយមានតែបេក្ខជនដែលបានប្រឡងជាប់លើវិញ្ញាសាសរសេរលើកទី១តែប៉ុណ្ណោះ ដែលនឹងត្រូវអនុញ្ញាតឲ្យចូលរួមប្រឡងលើវិញ្ញាសាសរសេរលើកទី២។

គួរបញ្ជាក់ថា ក្នុងការប្រឡងដំណាក់កាលទី១នេះ ក្នុងចំណោមបេក្ខជនទាំង២៥២០នាក់ គឺត្រូវជម្រុះយកតែ២៤០នាក់ប៉ុណ្ណោះសម្រាប់ឈានទៅប្រឡងប្រជែងនៅដំណាក់កាលទី២។ ដំណាក់កាលទី២ ក្នុងចំណោមបេក្ខជនទាំង២៤០នាក់ ត្រូវជម្រុះបន្តមកនៅត្រឹម១២០នាក់ប៉ុណ្ណោះ សម្រាប់ការបណ្តុះបណ្តាលរយៈពេល១ឆ្នាំក្នុងឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល។

សិស្សមន្ត្រីក្រមការ គឺជាសិស្សដែលត្រូវជ្រើសរើសបណ្តុះបណ្តាលនៅក្នុងក្របខណ្ឌ ដើម្បីបំពេញកិច្ចការផ្នែករដ្ឋបាល គាំទ្រដល់ការងារប្រចាំថ្ងៃរបស់អង្គភាព ដោយស្ថិតនៅក្នុងប្រភេទក្របខណ្ឌ «ខ»។ ចំពោះលក្ខខណ្ឌនៃការប្រឡង សិស្សនិស្សិតដែលមានសញ្ញាបត្រទុតិយភូមិ បូកនឹង២ឆ្នាំដែលសិក្សានៅឧត្តមសិក្សា គឺអាចមកដាក់ពាក្យចូលរួមប្រឡងជ្រើសរើសសិស្សមន្ត្រីក្រមការនៅសាលាភូមិន្ទរដ្ឋបាលបាន៕