(ភ្នំពេញ)៖ លោក យូ សិរីវុឌ្ឍ ក្រុមការងារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ភឺន ផល្លា ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីប្រមាណ ៤៥០នាក់ មកពីរោងចក្រសឹនតៃ នៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ក្នុងពិធីសំណេះសំណាលដែលធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៨ ខែធ្នូ​ ឆ្នាំ២០២២នោះ លោក យូ សិរីវុឌ្ឍ បានលើកបង្ហាញពីគោលនយោបាយនៃការដឹកនាំរបស់ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើវិស័យការងារ។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីទាក់ទាញការវិនិយោគពីបរទេស។

ការជំរុញវិនិយោគពីបរទេសនេះហើយ ដែលបង្កើតការងារជូនប្រជាពលរដ្ឋ។ លោក យូ សិរីវុឌ្ឍ ក៏បានលើកឡើងផងដែរថា កត្តាសំខាន់មួយទៀត ដែលនាំឱ្យមានការវិនិយោគ និងធានាមានការងារជូនប្រជាពលរដ្ឋនោះ គឺសុខសន្តិភាព។

ក្នុងន័យនេះ លោក យូ សិរីវុឌ្ឍ បានណែនាំឱ្យកម្មករ កម្មការិនីទាំងអស់ ត្រូវរួមគ្នាការពារសុខសន្តិភាព ដែលកំពុងមាននាពេលបច្ចុប្បន្ននេះ ដើម្បីមានការងារធ្វើបន្ត និងលើកកម្ពស់ជីវភាពឱ្យកាន់តែល្អប្រសើរ។ ដើម្បីរក្សាសុខសន្តិភាពបាន លោក យូ សិរីវុឌ្ឍ បានអំពាវនាវដល់កម្មករ កម្មារិនី ឱ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ បន្តដឹកនាំប្រទេសជាជំហររក្សាសុខសន្តិភាព និងរក្សាការងារជូនពួកគេ។

ក្នុងឱកាសសំណេះសំណាលលោក យូ សិរីវុឌ្ឍ ក៏បានស្នើឱ្យកម្មករ កម្មការិនីទាំងអស់ ប្រឹងប្រែងយកចិត្តទុកដាក់ធ្វើការងារ ហើយបើមានបញ្ហាត្រូវជជែកដោះស្រាយបញ្ហាដោយសន្តិវិធី កុំធ្វើសកម្មភាពនានា ដែលអាចនាំឱ្យរំខានដល់ច្រវ៉ាក់ផលិតកម្ម៕