(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ខេត្តកំពង់ធំ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្នាន បន្តចូលរួមថែរក្សាសុខសន្តិភាព ឲ្យបានគង់វង្ស ដើម្បីការរីកចម្រើន និងការអភិវឌ្ឍ។

លោកថ្លែងដូច្នេះ នៅក្នុងពិធីបុណ្យឆ្លងមហាកុដិ និងស្រោចស្រពសុគន្ធវារីប្រកាសនីយបត្រ ប្រគេនព្រះភិក្ខុកល្យាណបាលិតោ លាត លៃ ជាព្រះចៅអធិការវត្តទួលប្រាសាទពេជរង្សី ស្ថិតឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។

ជាមួយនេះផងដែរ លោកអភិបាលស្រុកស្ទោង ក៏បានអំពាវនាវដល់ពលរដ្ឋគ្រប់មូលដ្ឋាន ត្រូវចូលរួមថែរក្សាផ្លូវគ្រប់ប្រភេទឲ្យបានស្អាតមាំ ធានាបាននូវគុណភាព និងប្រើបានយូរ កុំសាងសង់សំណង់ផ្សេងៗរំលោភដីចំណីផ្លូវ កុំដឹកជញ្ជូនលើសទំងន់កំណត់ ដើម្បីភូមិឃុំស្អាត មានផ្លូវល្អសម្រាប់ធ្វើដំណើរបានងាយស្រួលធ្វើដំណើរបានរហ័ស។

ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វានៃព្រះរាជាណាចក្រកម្ពជា និងជាព្រះសត្ថាបារមីព្រះមេគណខេត្តកំពង់ធំ ក៏បាននិមន្ត និងអំពាវនាវដល់ ព្រះគ្រូចៅអធិការ ព្រះសង្ឃ ញាតិញោម ពុទ្ធបរិស័ទ្ទ លោកអាចារ្យ គណៈកម្មការ ត្រូវរួបរួមសហការសាមគ្គីគ្នាក្នុងការថែរក្សាពុទ្ធសាសនា និងកសាងសមិទ្ធផលថ្មីៗ ក្នុងវត្តនេះឲ្យកានតែមានការរីកចម្រើនថែមទៀត៕