(ភ្នំពេញ)៖ បេក្ខជន ថែល ថៃ បានក្លាយជាម្ចាស់ពានThe Voice Cambodia រដូវកាលទី២ ដោយទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេ កាលពីយប់ថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ។
ជាមួយនឹងជ័យលាភីThe Voice Cambodia កូនក្រុមរបស់Coach ឱក សុគន្ធកញ្ញារូបនេះក៏ទទួលបានទឹកប្រាក់ចំនួន១០០លានរៀលពីកម្មវីធី ទទួលប្រាក់ឧបត្ថម្ភ ២,០០០ដុល្លារ ពីស្រាបៀរកម្ពុជា និង១,០០០ ដុល្លារ ពីក្រុមហ៊ុនហង្សមាស ព្រមទាំងទទួលបានកិច្ចសន្យាជាតារាចម្រៀងផលិតកម្មរស្មីហង្សមាស និងក្លាយជាសមាជិកកម្មវិធីThe Voice ពិភពលោកផងដែរ។
កម្មវិធីនេះ ក៏មានការចូលរួមដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារិទ្ធ និងលោកស្រី និងលោកឧញា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត ដែលឧបត្ថម្ភផ្តាច់មុខកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកមួយនេះ និងភ្ញៀវកិត្ដិយសជាច្រើននាក់ផ្សេងទៀត។
គួរបញ្ជាក់ថា ម្ចាស់ជ័យលាភីរូបនេះមានស្រុកកំណើតនៅខេត្តកំពង់ចាម ហើយបានផ្លាស់ប្តូរទីលំនៅទៅខេត្តព្រះវិហារវិញនៅឆ្នាំ២០០៣។ ថែល ថៃជាបេក្ខជនមកពីរាជធានីភ្នំពេញពេលចុះឈ្មោះប្រឡងកម្មវិធី The Voice Cambodia ដែលជាបេក្ខជនដែលមានសមត្ថភាពខ្ពស់ ដោយលោកទទួលបានបួនកៅអីពីCoach ក្នុងវគ្គចម្រុះThe Blind Auditions ហើយ ថែល ថៃ បានបញ្ចេញសមត្ថភាពបានយ៉ាងល្អក្នុងវគ្គជាបន្តបន្ទាប់ ដោយទទួលបានការគាំទ្រពីទស្សនិកជនយ៉ាងខ្លាំងរហូតដល់វគ្គផ្តាច់ព្រ័ត្រនេះ។
ក្នុងវគ្គផ្តាច់ព្រ័ត្រ ថែល ថៃបានបកស្រាយចម្រៀងចំនួនបីបទគឺ «ទូរស័ព្ទអធ្រាត្រឃ្លាតស្នេហ៍» «ពេលបងចាស់» ដោយច្រៀងឆ្លើយឆ្លងជាមួយCoach ឱក សុគន្ធកញ្ញា និងចង្វាក់ញាក់ «ក្រមុំឡើងថ្លៃ»។
ក្រៅពី ថែល ថៃ បេក្ខជនទាំងបីរូបផ្សេងទៀត ដែលឈានដល់វគ្គផ្តាច់ព្រ័ត្ររួមមាន ឃី សុគន្ធ កូនក្រុមរបស់ Caoch ឆន សុវណ្ណារាជ, សាន ស្រីឡៃ កូនក្រុមរបស់ Coach ពេជ្យ សោភា និងឈិន រតនៈ កូនក្រុមរបស់ Coach ណុប បាយ៉ារិទ្ធ។ បេក្ខជនដែលមិនបានទទួលជ័យលាភីក៏ទទួលបានប្រាក់ឧបត្ថម ២,០០០ដុល្លារពីស្រាបៀរកម្ពុជា និង១,០០០ដុល្លារពីក្រុមហ៊ុនហង្សមាសផងដែរ៕