(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាចំពោះការរសាងសង់ «វិមានព្រះពុទ្ធបដិមា» ដែលខ្ពស់ជាងគេលើពិភពលោក មានកំពស់រហូតដល់ ១០៨ម៉ែត្រ ក្រោមទឹកចិត្ដជ្រះថ្លារបស់ អ្នកឧកញ៉ា សុខ គង់ និងសប្បុរសជនដទៃទៀតនៅលើភ្នំបូកគោ បន្ទាប់ពីទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលប្រជាជាតិខ្មែរទាំងក្នុង និងក្រៅប្រទេស កំពុងផ្ទុះការចាប់អារម្មណ៍ និងសាទរនេះ គឺជាព្រះពុទ្ធបដិមា រចនាបទខ្មែរប្រាសាទទេពប្រណម្យសម័យអង្គរ ស្ថិតក្នុងទីតាំងអង្គរធំ។

ប្រាសាទទេពប្រណម្យ ជាបុរាណស្ថានព្រះពុទ្ធសាសនាដ៏សំខាន់មួយក្នុងរាជធានីអង្គរធំ ស្ថិតនៅខាងជើងលានស្តេចព្រះគម្លង់ តាមផ្លូវឆ្ពោះទៅប្រាសាទបាលិលេយ្យ បើគេធ្វើដំណើរពីប្រាសាទបាយ័នឆ្ពោះទៅខ្លោងទ្វារដីឆ្នាំងគឺស្ថិតនៅខាងឆ្វេងដៃ ជាប្រាសាទកសាងទ្បើងក្នុងរាជព្រះបាទយសោវរ្ម័នទី១ ចុងស.វ.ទី៩។

លោក រត្ន័ សណ្ដាប់ បន្ដថារាជធានីអង្គរធំ​ មាន​ក្រុមប្រាសាទសំខាន់ៗ​ យ៉ាង​ច្រើនដូចជា៖ ប្រាសាទ​បាយ័ន ប្រាសាទ​បាភួន ប្រាសាទ​ភិមានអាកាស ព្រះបរម​រាជវាំង ប្រាសាទ​បាលិលេយ្យ ប្រាសាទទេពប្រណម្យ លាន​ស្ដេច​ព្រះគម្លង់ លាន​ជល់ដំរី ក្រុម​ប្រាសាទ​សួព្រ័ត្រ ប្រាសាទ​ឃ្លាំង​ខាងជើង ប្រាសាទ​ឃ្លាំង​ខាងត្បូង ក្រុម​ប្រាសាទ​ព្រះពិធូរ ប្រាសាទ​តុប​ខាងកើត ប្រាសាទ​តុប​ខាងលិច វត្ត​ព្រះងោក វត្ត​តាំងតុ វិហារ​ប្រាំពីរ​ល្វែង ជាដើម។ ប្រាសាទទេពប្រណម្យ ជាកន្លែងគោរពបូជាព្រះពុទ្ធសាសនាដំបូងគេបង្អស់នាសម័យអង្គរ ហើយមានសារៈសំខាន់ខាងប្រវត្តិសាស្ត្រ និងប្រវត្ដិសិល្បៈពុទ្ធសាសនិកសម័យអង្គរ។

ចំពោះពាក្យថាទេព ជាភាសាសំស្រ្ដឹតមានន័យថា «ព្រះ» និងពាក្យថា ប្រណម្យ ជាភាសាសំស្រ្ដឹតមានន័យថា «សំពះ» លុតជង្គង់ឱនគោរព។

លោក រត្ន័ សណ្ដាប់ បន្ដថាបើក្រទ្បេកមើលរាជធានីអង្គរធំ​ត្រូវ​បាន​សង់​ទៅ​តាម​បែប​ផែន​ទ្រឹស្ដី​ព្រះពុទ្ធសាសនា។ ព្រោះ ក្នុងប្រព័ន្ធជំនឿព្រះពុទ្ធសាសនា​ យល់​ថា​នៅ​ចំ​កណ្ដាល​ចក្រវាល​មាន​ភ្នំ​មួយ​យ៉ាង​ធំ​ដែល​គេ​ឲ្យ​ឈ្មោះ​ថាភ្នំព្រះសុមេរុ។ ភ្នំ​នេះ​មាន​កំពូល​ប្រាំ ហើយ​នៅ​លើ​កំពូល​ភ្នំ​ មាន​ស្ថាន​សួគ៌​បី​ជាន់ ឯការ​សាងសង់​អង្គរធំ​ គឺឈរលើទស្សន:ហ្នឹងឯង ជា​ទីក្រុង​មួយ​រាង​បួន​ជ្រុង​ដែល​នៅ​ចំ​កណ្ដាល​មាន​ប្រាសាទ​មួយ​ជា​តំណាង​ភ្នំ​ព្រះសុមេរុ គឺ​ប្រាសាទ​បាយ័ន។

ហេតុនេះចំពោះទឹកចិត្ដជ្រះថ្លារបស់អ្នកឧកញ៉ា សុខ គង់ និងសប្បុរសជនដទៃទៀត ដែលបានចូលរួម កសាងវិមានព្រះពុទ្ធបដិមា ដែលធំជាងគេលើពិភពលោកនេះ គឺជារឿងប្រពៃថ្លៃថ្លាណាស់ ព្រោះជាគំនិតមួយដើម្បីបង្ហាញពីភាពកតញ្ញូឧទ្ទិសដល់ឪពុកម្ដាយជីដូនជីតា និងបុព្វការីជនមានគុណបំណាច់លើជាតិ មាតុភូមិ ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយៗទៀតគោរពបូជា ហើយក៏សន្សំកុសលផលបុណ្យសម្រាប់ខ្លួន នាពេលអនាគតផងដែរ៕